លោកជំទាវ ឡោក ខេង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង៦ សង្កាត់ច្បារអំពៅទី២


នាព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៣ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៧៧នាក់​ រស់នៅក្នុងភូមិទាំង៦ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ នៅសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
​ថ្លែងក្នុងពិធីសំណេះសំណាល លោកជំទាវ ឡោក ខេង បានរម្លឹកពីអតីតកាលដ៏អាក្រក់សាហាវទាំងពីរដំណាក់កាលគឺ របបប្រល័យពូជសាសន៍ ប៉ុល ពត និងការឆ្លងជំងឺកូវីដ-១៩ ដែលនៅមិនទាន់ឆ្លងផុតនៅឡើយ។​ លោកជំទាវក៏បានលើកឡើងពីផលប៉ះពាល់លេីជីវភាពបង​ប្អូននៃសង្គ្រាម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធតស៊ូដេីម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋកន្លងមក និងការខិតខំស្តារពង្រឹងនូវជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋដេីម្បីរក្សាបានសេចក្តីថ្លៃថ្នូរ​ តាមរយ:​ការផ្តល់សាច់ប្រាក់អ្នករងផលប៉ះពាល់ដោយសារកូវីដ-១៩​ជារៀងរាល់ខែ ការផ្តល់សាច់ប្រាក់អ្នករងផលប៉ះពាល់ដោយសារហានិភ័យអតិផរណា ការឧបត្ថម្ភលេីកទឹកចិត្តថែទាំសុខភាពដល់ស្ត្រីក្រីក្រ ស្រ្តីមានផ្ទៃពោះ​ កូនចាក់វ៉ាក់សាំង​ កម្មការិនីពេលសម្រាលកូន។ លោកជំទាវបានបន្តថា ការផ្តល់នូវការឧបត្ថម្ភដល់យុវជនរៀនជំនាញវិជ្ជាជីវ: ជំនាញតាមចំណង់ចំណូលចិត្តរយ:ពេលខ្លី និងផ្សព្វផ្សាយពីអនាគតសម្រាប់យុវជនដែលជាធនធានមនុស្សប្រកបដោយសមត្ថភាព​ ជំនាញវិជ្ជាជីវ:​ ដេីម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ​ និងសង្គមជាតិបន្ថែមទៀ​ត។​ ជាមួយនេះ​ លោកជំទាវបានសំណូមពរអោយឪពុកម្តាយជួយជម្រុញលេីកទឹកចិត្ត​ ផ្តល់ការណែនាំ​ និងផ្តល់ឱកាសអោយកូនប្រុស​ ស្រីបានរៀនសូត្រអោយទៅជាធនធានដ៏មានសក្តានុពល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង បានផ្តល់ជូនក្រមា និងឧបត្ថម្ភថវិការបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងម្នាក់ៗ ១ម៉ឺនរៀល ផងដែរ ៕