ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មការកណ្តាល និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជេីញប្រកាសបញ្ចូលសមាជិក សមាជិកាមកពីគណបក្សផ្សេងៗចំនួន ៦១៩រូប ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងមានការចូលរួមពីលោកប្រធាន អនុប្រធានគណបក្សសង្កាត់ លោក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ។
ក្នុងឱកាសនេះឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងអំពីលក្ខណៈសម្បត្តិពេញលេញ និងសមិទ្ធផលធំធេង ដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ។
ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំបក្ស និងក្រុមការងារចុះសង្កាត់ សម្រាប់ការកសាងសមិទ្ធផលជាច្រើន ក្នុងខណ្ឌ សង្កាត់ ព្រមទាំងបានអំពាវនាវឱ្យសមាជិកទាំងអស់ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ទន្ទឹមនឹងនេះដែរ តំណាងសមាជិកគណបក្សដែលទើបប្រកាសបញ្ចូលថ្មីបានប្រកាសពីការប្តេជ្ញាចិត្តស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕