ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធអគារស្នាក់គណបក្ស និងពិនិត្យវឌ្ឍនភាពការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកសំបូរ


ឯកឧត្តម វ៉ា ថន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារស្នាក់ការគណបក្សឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ១៥០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ ត្រូវរំលឹកដល់ប្រជាពលរដ្ឋដើម្បីត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

បន្ថែមពីនេះ ឯកឧត្តម វ៉ា ថន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ១៩នោះទេ ពោលត្រូវចូលរួមទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងប្រព័ន្ធការពារក្នុងរាងកាយទប់ស្កាត់វាយលុក នៃជំងឺដ៏កាចសាហាវមួយនេះ។ ក្នុងនោះ លោកក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ក្នក្នុងម្នាក់ៗ សារ៉ុង១ និងថវិកា១០,០០០រៀល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានអញ្ជើញចុះពិនិត្យការសាងសង់អាគារមន្ទីរពេទ្យបង្អែកស្រុកសំបូរ ដែលកំពុងសាងសង់ មានទំហំ១៥ម៉ែត្រ គុណ២១ម៉ែត្រ ដោយចំណាយថវិកាអស់ប្រមាណចំនួន ១២០,០០០ដុល្លារ ដែលជាអំណោយរបស់លោក វ៉ា ថន និងភរិយាផ្ទាល់តែម្ដង។

ក្នុងនាមអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ក៏អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំបូរ ចំនួន១៥នាក់ និងបានឧបត្ថម្ភថវិកាដល់អ្នកជំងឺក្នុងម្នាក់ៗ ចំនួន៤០,០០០រៀល៕