ក្រសួងបរិស្ថាន រៀបចំផែនការមេ ១៦តំបន់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែន សម្រាប់ប្រែក្លាយជាតំបន់ទេសចរណ៍ កិច្ចការអភិរក្ស និងសិក្សាស្រាវជ្រាវ


(សៀមរាប)៖ ក្រសួងបរិស្ថាន បានរៀបចំផែនការមេ ១៦តំបន់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស «កេសរកូល (អ័រគីដេ) សុខ អាន ភ្នំគូលែន» ដើម្បីប្រែក្លាយជាការបែងចែកតំបន់អភិវឌ្ឍន៍ ដូចជាការរៀបចំហេដ្ឋរចនាសម្ព័ន្ធ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍផ្សេងៗទៀត។

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសកូល សុខ អាន ភ្នំគូលែន ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ពោលគឺស្ថិតនៅនឹងជើងភ្នំគូលែន ក្បែរច្រកចូលឡើងទៅលើរមណីយដ្ឋានខ្នងភ្នំគូលែន។

ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងពេលបំពេញទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែន នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានបញ្ជាក់ថា៖ «ក្រោយទទួលការអនុញ្ញាតរបស់រាជរដ្ឋាភិបាលឱ្យបង្កើតមជ្ឈមណ្ឌលនេះមក ក្រសួងបរិស្ថាន បានរៀបចំនូវផែនការមេចំនួន ១៦តំបន់។ ក្នុងចំណោមទាំង១៦តំបន់ នេះក្រៅពីតំបន់រដ្ឋបាល តំបន់ចំណត និងតំបន់ អាងស្តុកទឹក គឺយើងនៅមានតំបន់អភិរក្ស និងតំបន់សម្រាប់អភិវឌ្ឍន៍ ក្នុងនេះមានតំបន់សំខាន់ៗ ដូចជា៖ តំបន់ថែរក្សាពូជរុក្ខជាតិក្នុងស្រុកតំបន់សម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិក្នុងនេះយើងអាចបង្កើតជាតំបន់បោះជំរុំ សម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិ»

លោកជំទាវ បានថ្លែងថា មជ្ឈមណ្ឌលនេះ បានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលមានផ្ទៃដីសរុប ២,០២០ហិកតា។ គោលបំណងសំខាន់នៃការបង្កើតមជ្ឈមណ្ឌលនេះមានទិសដៅចំនួន ៤សំខាន់ៗ គឺទី១៖ ផ្តោតទៅលើការសិក្សាស្រាវជ្រាវ, ទី២៖ ការថែរក្សាអភិរក្ស ប្រភេទកេរសកូលព្រៃ និងរុក្ខជាតិនានារបស់កម្ពុជាឱ្យគង់វង្ស, ទី៣៖ ធ្វើការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបរបស់កម្ពុជា និងទី៤៖ ធ្វើយ៉ាងណាអាចផ្សារភ្ជាប់សេដ្ឋកិច្ច និងការអភិរក្ស។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសកូល សុខ អាន ភ្នំគូលែននេះ ក៏ជាទីកន្លែងមួយសម្រាប់កម្សាន្ត និងក៏ជាទីកន្លែងអាចជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងចំណូលបន្ថែមផងដែរ ពោលគឺមិនត្រឹមតែសម្រាប់កិច្ចការពារទេ ប៉ុន្តែក៏ជាផ្នែកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែរ។ មជ្ឈមណ្ឌលនេះ ស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្រោយទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលដោយលោកស្រីជាអ្នកទទួលបន្ទុក និងបានរៀបចំនូវផែនការមេចំនួន ១៦តំបន់។

លោកជំទាវ ចាន់ សុម៉ាលី ថា ក្នុងចំណោមទាំង១៦តំបន់នេះ ក្រៅពីតំបន់រដ្ឋបាល តំបន់ចំណត និងតំបន់អាងស្តុកទឹក នៅមានតំបន់អភិរក្ស និងតំបន់សម្រាប់អភិវឌ្ឍន៍ក្នុងនោះក៏មានតំបន់សំខាន់ៗដូចជា តំបន់ថែរក្សាពូជរុក្ខជាតិក្នុងស្រុក តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបង្កើតជាតំបន់បោះជំរុំសម្រាប់ចូលដើរកម្សាន្តក្នុងព្រៃធម្មជាតិជាដើម។ ក្រៅពីនេះក៏មានតំបន់សិក្សាស្រាវជ្រាវដំបូងគេនៅកម្ពុជា ហើយក៏ជាតំបន់ដែលបានចាត់ទុកថា មានសារៈសំខាន់ជាងគេពី ព្រោះជាទីកន្លែងសម្រាប់សិក្សាស្រាវជ្រាវ ហើយក៏គ្រោងបង្កើតជាបណ្តាល័យ បង្កើតទីកន្លែងសម្រាប់តាំងពិព័រណ៍ឱ្យប្រជាពលរដ្ឋចូលមើលកម្សាន្ត ការសិក្សាស្រាវជ្រាវ ពិសេសការបង្កើតជាធនាគារពូជ ដោយក្នុងនោះនឹងមានការប្រមូលជាពូជរុក្ខជាតិ និងសត្វក្នុងស្រុករបស់ប្រទេសកម្ពុជា មកថែរក្សាការពារនៅទីកន្លែងប្រមូលផ្តុំនេះ។

លោកជំទាវ ចាន់ សុម៉ាលី បានបន្តថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសកូល សុខ អាន ភ្នំគូលែន គ្រោងនឹងបង្កើតសម្រាប់ដំណើរកម្សាន្តតាមព្រៃ ដែលជាដំណើរកម្សាន្តបានបង្កប់នូវអត្ថន័យអប់រំ ក្នុងនោះនឹងបោះនូវស្លាកសញ្ញាផ្សេងៗនៃរុក្ខជាតិនីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលកម្សាន្តសប្បាយ និងបានយល់ពីផលប្រយោជន៍ធម្មជាតិនីមួយៗ។ ក្រៅពីនេះ ក្រសួងបរិស្ថានគ្រោងនឹងបង្កើតឡើងដែរ គឺតំបន់សម្រាប់ចិញ្ចឹមសត្វ និងការធ្វើកសិកម្មអភិរក្ស ដែលរក្សាបាននូវគុណភាពដី និងមិនប្រើជីគីមីប៉ះពាល់ដល់ដី និងសុខភាពអ្នកប្រើប្រាស់។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញរូបនេះ បានលើកឡើងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កំពុងបានប្រែក្លាយជាការបែងចែកតំបន់អភិវឌ្ឍន៍របស់មជ្ឈមណ្ឌលក្នុងនេះដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន, ការសិក្សាស្រាវជ្រាវ, ការអប់រំផ្សព្វផ្សាយ, ការរៀបចំចិញ្ចឹមសត្វ និងកិច្ចសហការជាមួយដៃគូ និងយន្តការអភិវឌ្ឍ។

លោកជំទាវ សុម៉ាលី បានបង្ហាញជំនឿថា ការបង្កើតមជ្ឈមណ្ឌលនេះក៏ជាទីកន្លែងមួយសម្រាប់កម្សាន្ត និងក៏ជាទីកន្លែងអាចជួយឱ្យប្រជាពលរដ្ឋគាត់រកការងារចំណូលបន្ថែមទៀតផងដែរ។ មានន័យថាគោលដៅនៃការបង្កើតមជ្ឈមណ្ឌលនេះមិនត្រឹមតែ សម្រាប់កិច្ចការពារទេ ប៉ុន្តែ នៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះ លោកជំទាវ ចាន់ សុម៉ាលី បានបន្តយ៉ាងដូច្នេះថា៖ «នៅថ្ងៃខាងមុខយើងគ្រោងនឹងបង្កើតសម្រាប់ដំណើរកម្សាន្ត តាមព្រៃដែលជាដំណើរកម្សាន្តបានបង្កប់នូវអត្ថន័យអប់រំ ដោយក្នុងនេះយើងនឹងបោះនូវឆ្លាកសញ្ញាផ្សេងៗនៃរុក្ឋជាតិនីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលកម្សាន្តសប្បាយហើយបានយល់ពីផលប្រយោជន័ធម្មជាតិនីមួយៗទាំងនេះផងដែរ»