ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា នៅឃុំសេដាស្រុកតំបែរ ខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ) ព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយសកម្មជនជាយុវជនគណបក្សប្រជាជនកម្ពុជា ឃុំសេដា ដើម្បីពង្រឹង រចនាសម្ព័ន្ធដឹកនាំ តម្រង់ទិសឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះ។ ក្នុងនោះដែរ អង្គមហាសន្និបាតបានសម្រេចបន្តគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអង្គពិធីទាំងមូល ។
ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សឃុំ សាខាបក្សភូមិនៅមូលដ្ឋានឃុំសេដាទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី បំពេញភារកិច្ចសម្រេចទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងមូលដ្ឋានភូមិ ឃុំ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម​ ចាយ បូរិន​ ក៏បានជម្រុញលើកទឹកចិត្តដល់ក្រុមការងារយុវជនគណបក្សទាំងអស់ត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹងនិងបន្តចូលរួមតាម​តួនាទីភារកិច្ចនៃរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹកជូនគណបក្សឲ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សា​សុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត។
នៅក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ចាយ បូរិន​ ប្រគល់ជូនមួកសុវត្ថិភាព ជូនដល់គណបក្សឃុំសេដាផងដែរ ។