នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយ មន្ទីរសុខាភិបាលខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរ ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជាង២០០០នាក់ ស្ថិតនៅវិទ្យាល័យស្វាយលើ ក្នុងភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ពិធីនេះដែរ ក៏មានការចូលរួមពី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោកវេជ្ជៈបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងអនុប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី សាខាខេត្តសៀមរាប, លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ និងលោក ហួត សូនី សមាជិកអចិន្ត្រៃយ៍ ស ស យ ក ខេត្ត ព្រមទាំងលោក លោកស្រីសមាជិក ស ស យ ក ស្រុកចូរួមផងដែរ។
លោកវេជ្ជៈបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងអនុប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី សាខាខេត្តសៀមរាប បានលើកឡើងថា លោកមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានចុះអប់រំផ្សព្វផ្សាយ បង្ការជំងឺកូវីដ១៩ ដោយក្នុងនោះបានចាក់សាំងការពារជំងឺកូវីដ១៩ និងយកសំណាក ព្រមទាំងណែនាំឲ្យពលរដ្ឋត្រូវបន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាក់ការឆ្លងជំងឺកូវីដ១៩ និងពិនិត្យសុខភាព វាស់ភ្នែកចែកវ៉ែនតា និងថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល១ថ្ងៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកហ៊ុន ម៉ានី។
លោកវេជ្ជៈបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា ចំពោះការពិនិត្យជំងឺទូទៅដោយមានការអប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជម្ងឺឫសដូងបាត ជំងឺសួត ជំងឺក្រពះ ជំងឺពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើរស្បែក ជំងឺព្រូន ជំងឺសន្លាក់ឆ្អឹង ជំងឺថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម បញ្ហាភ្នែក ជំងឺមាត់ធ្មេញ បេះដូង ជំងឺសសៃឈាម សំពាធបេះដូង ច្រមុះ បំពង់ក និងជំងឺតម្រង់នោម ព្រមទាំងជំងឺផ្សេងៗទៀតជាច្រើនផងដែរ។
ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកដែរថា នេះគឺជាកិត្តិយសមួយសម្រាប់ស្រុកស្វាយលើ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកហ៊ុន ម៉ានី ចុះដោយផ្ទាល់មកពិនិត្យនៅទីនេះ ហើយការចុះដោយផ្ទាល់នៅទីកន្លែងដាច់ស្រយាល បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី ហើយក៏ជាការគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទីជនបទដាច់ស្រយាល។ លោក ពិន ប្រាកដ កន្លងមកក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី ក៏បានចុះព្យាបាលប្រជាពលរដ្ឋក្រុង/ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ហើយនេះគឺជាសកម្មភាពមនុស្សធម៌ដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋ។ ជាក់ស្ដែងថ្ងៃនេះ ប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានមកពីនិត្យជំងឺ ជូនប្រជាពលរដ្ឋប្រកបដោយទឹកចិត្តជ្រះថ្លាបំផុត។
ឯកឧត្តម ពិន ប្រាកដ បានបន្តថា ក្នុងនាមអាជ្ញាធរខេត្តសៀមរាបក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ននានា បន្តឱ្យមានការអភិវឌ្ឍបន្ថែមទៀត នៅកម្រិតជីវភាពប្រជាពលរដ្ឋ តាយរយៈការពង្រឹង និងអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានានូវសន្តិសុខនៅតាមទីជនបទ ក៏ដូចជាទីប្រជុំជនសំដៅបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋប្រកបមុខរបររកស៊ីប្រកបដោយសុខសុវត្ថភាព និងការវិនិយោគលើគ្រប់វិស័យ សំដៅទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី បានលើកថា ការចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅស្រុកស្វាយលើ នៅថ្ងៃនេះ ដោយបានធ្វើការពិនិ្យជម្ងឺទូទៅ ដូចលោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តជម្រាប់ខាងលើផងដែរ។ ចំពោះការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅលើទឹកដីស័ក្តសិទ្ធនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ មហាគ្រួសារខ្មែរតែមួយ ដោយការ ពិនិត្យ ព្យាបាលមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល និងនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពីព្រោះថា សុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់រូប។
ជាមួយនេះដែរ ឯកឧត្តម លេង ផាលី បានបន្តទៀតថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ឯកឧត្តមក៏ បានផ្តល់ដំបូន្មានល្អៗដល់បងប្អូនប្រជាពលរ ដើមី្បទ្រទ្រង់សុខភាពរបស់ខ្លួនឲ្យបានមាំមួនទៀតផង។ ក្នុងនោះដែរ ប្រជាពលរដ្ឋនៅស្រុកស្វាយលើ ក៏មានក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងនៅគ្រប់ពេលវេលា ព្រមទាំងថ្លែងអំណគុណ ចំពោះឯកឧត្តមហ៊ុន ម៉ានី និងក្រុមគ្រួសារសំខាន់សម្តេចតេជោ ហ៊ុន សែន សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅទៅលើសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕