ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អមដំណើរដោយសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកបរសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមាណ២, ៣៧២នាក់។
នាឱកាសនៃពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានលោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ដែលបានឆ្លៀតពេលចុងសប្តាហ៍ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលរួមពិធីជួបជុំថ្ងៃនេះ ដែលនេះជាការជួបជុំលើកដំបូងក្រោយវិបិត្តកូវីដ១៩ បានធូរស្បើយ។
ឯកឧត្តមបានបន្តថា គោលបំណងនៃការជួបជុំថ្ងៃនេះ គឺដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះ លោកគ្រូ អ្នកគ្រូបង្រៀន ក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ដើម្បីអភិវឌ្ឍធនធានមនុស្ស និងសុខភាពប្រជាជន មុន និងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ១៩។
ឯកឧត្តមបញ្ជាក់ទៀតថា ឆ្លងកាត់ វិបិត្ដដ៏លំបាកនេះ បានធ្វើអោយខ្មែរមករួបរួមគ្នា សហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ស្របជាមួយគ្នាដែរ ឯកឧត្តមបានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នេះគឺកើតចេញពីការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កិច្ចសហការពីសំណាក់រដ្ឋបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរ និងការលៈបង់មិនអាចកាត់ថ្លៃបានពីសំណាក់ លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ជាពិសេសនោះគឺ ការអត់ធ្មត់ យោគយល់ខ្ពស់ គាំទ្រវិធានការរបស់ក្រសួងសុខាភិបាលរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ដើម្បីយល់ពីគុណតម្លៃនៃសន្តិភាព យើងត្រូវនឹកឃើញពេលដែលគ្មានសុខសន្តិភាព ពេលដែលប្រទេសកម្ពុជារងនូវសោតនកម្មដ៏ឃោឃៅ សង្រ្គាមរាំរ៉ៃ ដែលយើងត្រូវនឹកឃើញដល់អ្នកដែលបានលៈបង់ និងពុះពារ ដើម្បីដណ្តើមយកសុខសន្តិភាពជូនប្រទេសជាតិ ជាពិសេសកូនចៅជំនាន់ក្រោយ។
ឯកឧត្តមបានរំលេចដែរថា តាមរយៈនយោបាយឈ្នះៗ យើងក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលផ្តល់ឱកាសអោយប្រទេសកម្ពុជាមានអ្នកវិនិយោគច្រើន ដែលជាចំណុចវិជ្ជមានក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា។
ឯកឧត្តមបន្ថែមថា ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋាន យើងត្រូវរៀនសូត្រពីសាលា និងតាមរយៈថ្នាក់រៀនពីចំណេះដឹងទូទៅ បន្ទាប់មកយើងគប្បីរៀនសូត្រពីអ្នកដទៃ ជាពិសេសអ្នកជោគជ័យ ដោយយើងអាចមានឱកាស សិក្សា និងស្វែងយល់ពីសិល្បៈនៃការដឹកនាំ រៀនសូត្រពីភាពជោគជ័យ និងបរាជ័យរបស់ពួកគេ រួចហើយ ខិតខំហ្វឹតហាត់សមត្ថភាពខ្លួនឯង និងមួយទៀតគឺរៀនសូត្រពីការងារ ដើម្បីឲ្យការងារបង្រៀនយើងបាន យើងត្រូវរៀនធ្វើផង អនុវត្តផង ដើម្បីដកស្រង់ជាបទពិសោធន៍៕