ស្ថានីយ៍វ៉ារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ក្នុងស្រុកវាលវែង បាននិងកំពុងដំណើរការសាងសង់ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ២០២៦


ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរដ្ឋបាលស្រុកវាលវែង កាលពីពេលថ្មីៗនេះ បានអញ្ជើញចុះពិនិត្យ ការដ្ឋានវ៉ារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ នៅត្រង់ចំណុចចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ខេត្តពោធិ៍សាត់ជាខេត្តមួយមានសក្តានុពលជាច្រើន រងចាំតែការអភិវឌ្ឍន៍ប៉ុណ្ណោះ។ ចំពោះគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅត្រង់ចំណុចចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដែលចាប់ផ្តើមដំណើការនៅចុងឆ្នាំ២០២២ ដោយក្រុមហ៊ុនប្រទេសចិន និងប្រទេសកូរ៉េ មានអានុភាព៨០មេហ្គាវ៉ាត់ គ្រោងនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងឆ្នាំ២០២៦។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ត្រខេត្ត និងអាចចែកចាយតាមបណ្តាខេត្តផ្សេងៗទៀត ក្នុងគោលបំណងធានាដល់សន្តិសុខថាមពលក្នុងខេត្ត កាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។

ឯកឧត្តមបានបន្តថា អ្វីជាការចាប់ផ្តើមចាំបាច់បំផុតនោះ គឺការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូច្នេះសូមឱ្យមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ពិនិត្យជាក់ស្តែង និងសូមឱ្យក្រុមហ៊ុនក៏ដូចភាគីពាក់ព័ន្ធ ត្រូវមានសំណងជូនពួកគាត់។ លោកបានរំលឹកថា កន្លងមករដ្ឋបាលខេត្ត ក៏បានដឹកនាំកិច្ច ពិភាក្សាសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្តដើម្បីអនុវត្តសំណង ការមកតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងការប៉ះពាល់ ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ រួចហើយផងដែរ។

ឯកឧត្តម ខូយ រីដា ក៏បានស្នើឱ្យតំណាងក្រុមវិនិយោគ នៅរាល់ការងារក្នុងការដ្ឋាន ត្រូវមានកិច្ចសហការល្អជាមួយក្រុមការងារ អនុក្រុមការងារ លេខាធិការដ្ឋានខេត្ត និងអាជ្ញាធរដែនដី ដើម្បីពន្លឿន និងបញ្ជៀសនូវហានិភ័យ ទៅលើការអនុវត្តគម្រោង។ គិតមកដល់ពេលនេះ ប្រទេសកម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែង ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ, ឬស្សីជ្រុំ, កំចាយ, គីរីរម្យ១, គីរីរម្យ៣ និងវ៉ារីអគ្គិសនីអាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាន នៃប្រទេសកម្ពុជា។

ចំពោះខេត្តពោធិ៍សាត់ មានវ៉ារីអគ្គិសនី ចំនួន២កន្លែង ទី១វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង សាងសង់ដោយក្រុមហ៊ុនចិន មានអានុភាព១២០មេហ្គាវ៉ាត់ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាំងពីឆ្នាំ២០១៥ និងទី២ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ (ត្រង់ចំណុចចិនយំ) បាននឹងកំពុងដំណើរការសាងសង់ នៅចុងឆ្នាំ២០២២ ដោយក្រុមហ៊ុនប្រទេសចិន និងប្រទេសកូរ៉េ មានអានុភាព៨០មេហ្គាវ៉ាត់ គ្រោងបញ្ចប់នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ២០២៦៕