(កំពង់ចាម)៖ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ រួមជាមួយប្រតិភូអមដំណើរជាច្រើនទៀតនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញប្រកាសខេត្តកំពង់ចាមជាខេត្តអស់គ្រាប់មីន។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយសុឆន្ទៈយ៉ាងក្លៀវក្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍជូនដល់ប្រជាជន និងប្រទេសជាតិ ដើម្បីឱ្យរួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការសង្គ្រោះជីវិតការកាត់បន្ថយភាពក្រីក្រ ការស្តារសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ចាប់ពីខែសីហា ឆ្នាំ២០២២ បានធ្វើការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ក្នុងទឹកដីខេត្តកំពង់ចាម ចំនួន ១១ចម្ការ ស្ថិតនៅក្នុងស្រុកចំនួន៤ រួមមាន៖
*ស្រុកបាធាយ ២ចម្ការ
*ស្រុកចំការលើ ២ចម្ការ
*ស្រុកស្ទឹងត្រង់ ២ចម្ការ
*ស្រុកកងមាស ៥ចម្ការ ដែលមានផ្ទៃដីសរុបចំនួន ១.០០៣.១៣៦ម៉ែត្រក្រឡា និងបានកម្ទេចចោលមីនប្រឆាំងមនុស្ស ចំនួន ៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៣គ្រាប់។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC) ឯកឧត្តម ហេង រតនា បានថ្លែងថា សម្រាប់ខេត្តកំពង់ចាម អង្គភាពស៊ីម៉ាក់បានពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតជាខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្ស ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅចុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។
ឯកឧត្តម ហេង រតនា បញ្ជាក់ថា ជាលទ្ធផលអង្គភាពបានបោសសម្អាតគ្រាប់មីនទាំងនៅក្នុងតំបន់រងផលប៉ះពាល់ដែលនៅសល់ និងបានកំណត់ត្រានៅក្នុងប្រព័ន្ធទិន្នន័យជាតិ ក្នុងខេត្តកំពង់ចាម ចំនួន ១១ចំការមីន មានផ្ទៃដីសរុបជាង ១លានម៉ែត្រក្រឡា។ គ្រប់រកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ៣៩គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៣២គ្រាប់។ ជាលទ្ធផល នៃប្រតិបត្តិការនេះជាសមិទ្ធផលចុងក្រោយ នៅកិច្ចប្រតិបត្តិការដែលត្រូវបិទបញ្ចប់តំបន់ មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងខេត្តកំពង់ចាមទាំងស្រុង។
ឯកឧត្តម ហ៊ុន ម៉ានិត បានយកឱកាសនេះកោតសរសើរក្រុមការងារប្រតិបត្តិ និងថ្លែងអំណរគុណប្រទេសជាមិត្ត ក៏ដូចជាសប្បុរសជនជាតិ-អន្តរជាតិ ដែលបានចូលរួមក្នុងវិស័យដោះមីននេះនារយៈពេលកន្លងមក។
ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា «ប្រសិនបើគ្មានការចូលរួមពីបណ្តាប្រទេសជាមិត្ត ក៏ដូចជាសប្បុរសជនទាំងអស់នោះទេ ល្បឿននៃការដោះមីនរបស់យើងក៏មិនអាចធ្វើទៅបានដូចពេលនេះដែរ ដោយហេតុថាត្រូវការកម្លាំងផង ត្រូវការថវិកាផង ដើម្បីធ្វើការ។ ការដោះមីននេះ មិនត្រឹមតែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជំរុញឲ្យមានការអភិវឌ្ឍ នៅក្នុងតំបន់នីមួយៗផងដែរ ពោលគឺ ពេលដែលដោះមីនអស់ហើយ យើងនិងជំរុញ ទៅឲ្យក្រសួងកសិកម្ម ឬប្រជាពលរដ្ឋ យកទៅធ្វើការអភិវឌ្ឍ ក៏ដូចជាការជំរុញការដាំដុះ ក្នុងគោលបំណងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ»៕