ឯកឧត្តម ថោង ខុន៖ អភិបាលខេត្ត ត្រូវមានទំនួលខុសត្រូវខ្ពស់ ចំពោះពិធីរត់ភ្លើងគប់ស៊ីហ្គេមជុំវិញបឹងទន្លេសាប


(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) បានជំរុញឲ្យថ្នាក់ដឹកនាំខេត្តជុំវិញបឹងទន្លេសាប ត្រូវត្រៀម និងមានទំនួលខុសត្រូវខ្ពស់ ចំពោះការរៀបចំពិធីដង្ហែរភ្លើងគប់កីឡា ដែលជាដំណាក់កាលចុងក្រោយ នៃដំណើរឆ្ពោះទៅរកពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ផ្លូវការ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារដំណើរការរៀបចំពិធីដង្ហែរភ្លើងគប់កីឡារត់ជុំវិញបឹងទន្លេសាប និងបណ្ដាប្រទេសសមាជិកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត និងកងកម្លាំងពាក់ព័ន្ធផងដែរ។ ពិធីរត់ភ្លើងគប់ជុំវិញបឹងទន្លេសាប គ្រោងធ្វើឡើងនាចុងខែមេសា បន្ទាប់ពីព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា និងក្រោយបញ្ចប់ការដង្ហែរភ្លើងគប់ តាមបណ្ដាប្រទេសអាស៊ាន និងទីម័រខាងកកើត ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំខាងលើបានផ្ដោតសំខាន់លើការងារត្រៀមប្រតិបត្តិ បន្ទាប់ពីផែនការវិធីសាស្ដ្ររៀបចំ និងគោលការណ៍ផ្សេងៗ ត្រួវបានរៀបចំរួចរាល់ ដើម្បីបែងចែកតួនាទីភារកិច្ចច្បាស់លាស់ រវាងគណៈកម្មាធិការជាតិ CAMSOC និងខេត្ដជុំវិញបឹងទន្លេសាប ដ្បិតកាលណាពិធីរត់ភ្លើងគប់ចាប់ផ្ដើម មានន័យថា ព្រឹត្តិការណ៍កីឡាក៏ចាប់ផ្ដើមដែរ។ ដូច្នេះចាប់ពីថ្ងៃទី២១ ខែមីនាតទៅ គឺជាពេលវេលាចាប់ផ្ដើមស៊ីហ្គេម ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC ដដែលបន្ដថា «តាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន គឺបានផ្ដល់នូវកាតព្វកិច្ច និងភារកិច្ច ដែលខេត្តត្រូវធ្វើយ៉ាងជាក់លាក់ និងការដាក់ចេញនូវយន្ដការ នៃការទទួលខុសត្រូវខ្ពស់ពីថ្នាក់អភិបាលខេត្ត ដែលជាអនុប្រធានរបស់ CAMSOC-CAMAPGOC ឲ្យទទួលខុសត្រូវច្បាស់លាស់ ហើយមានការសហការគ្នាល្អ រវាងគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត និងភាគីពាក់ព័ន្ធ CAMSOC-CAMAPGOC ដើម្បីជំរុញការងារដង្ហែរភ្លើបគប់នេះឲ្យរលូន និងជោគជ័យ»

ចំពោះការងារសំខាន់ៗ ដែលខេត្តត្រូវទទួលខុសត្រូវ រួមមានការរៀបចំធនធានមនុស្ស ដើម្បីដង្ហែរ និងរត់ភ្លើងគប់ ពោលគឺត្រូវមានការចូលរួមរត់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងកីឡាករ-កីឡាការិនីឆ្នើមៗ ទាំងពិការ និងមិនពិការ។ ការចូលរួមរត់នេះ គឺជានិមិត្តរូប នៃការចូលរួមព្រឹត្តិការណ៍ និងជាកំណត់ត្រាប្រវត្តិសាស្ដ្រមួយរបស់ខ្លួន។ លើសពីនេះ ខេត្តក៏ត្រូវរៀបចំចលនាមហាជន ដើម្បីអបអរសាទរ និងរៀបចំវេទិការទទួលបដិសណ្ឋារកិច្ច ក្នុងការប្រគល់ និងទទួលភ្លើងគប់ ក៏ដូចជាការរក្សាភ្លើងគប់ឲ្យបានត្រឹមត្រូវផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា ការរត់ភ្លើងគប់ជុំវិញបឹងទន្លេសាប គឺមានអត្ថន័យដ៏ជ្រាលជ្រៅ ដោយផ្សាភ្ជាប់ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកសង្កត់ធ្ងន់ថា «អត្ថន័យនៃការរត់ភ្លើងគប់ជុំវិញបឹងទន្លេសាប បានន័យថា យើងបំភ្លឺភ្លើងគប់នេះ ជុំវិញបឹងទន្លេសាប ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ អាស្រ័យផលពីបឹងនេះ។ ភ្លើង គឺបំភ្លឺឲ្យមានពន្លឺរស្មីនៃជីវិតរបស់មនុស្សទាំងអស់ នៅជុំវិញបឹងទន្លេ ក៏ដូចជាប្រជាពលរដ្ឋខ្មែររបស់យើង ដែលប្រើប្រាស់បឹងទន្លេសាប» ។

សូមរំឮកថា នៅថ្ងៃទី២១ ខែមីនាខាងមុខ CAMSOC នឹងប្រារព្ធព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទរអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកនឹងមានរៀបចំពិធីរត់ភ្លើបគប់ ជុំវិញប្រាសាទអង្គរ មុនបន្តពិធីដង្ហែរភ្លើងគប់នោះ ទៅកាន់បណ្ដាប្រទេសសមាជិកទាំង ១០ មុនត្រឡប់មកកម្ពុជាវិញ នៅចុងខែមេសា ហើយក៏បន្ដដង្ហែរ និងរត់ភ្លើងគប់ជុំវិញបឹងទន្លេសាប រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ត្រូវនឹងពេលវេលាប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕