ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់


នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន មនុស្ស សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។

ក្នុងឱកាសនោះសម្តេចងតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល រយៈពេលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់ ៧៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះដំណើររបស់ជាតិ ដែលបានសម្រេចគោលដៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យធនធានមនុស្ស ដែលបានជម្នះការលំបាកទាំងឡាយ ចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​នៅ​កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ការរាតត្បាតជំងឺកូវីដ១៩ គឺជាការលំបាកមួយរបស់សង្គម។ តែការរួបរួមគ្នា បានធ្វើឱ្យកម្ពុជា បានយកឈ្នះលើមេរោគរាតត្បាតនេះ ឈានទៅបើកសង្គមទូលំទូលាយ និងការជួបជុំនានា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមសិស្សគោលដៅ ១លាន ៥សែន សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏រាប់បញ្ចូលទាំង «វិជ្ជាជីវៈដូនតា» រួមមាន តម្បាញ់ ចម្លាក់ គំនូរ និងស្មូនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សដែលត្រូវទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ទទួលបានអប់រំដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយកព្រះទ័យទុកដាក់ខ្លាំងណាស់ ដល់ក្រុមចុងភៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើលោកនេះអត់មាននរណាធ្វើថៅកែទាំងអស់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានដើរឆ្ងាយពីស្ថានភាពក្រោយរំដោះឆ្នាំ១៩៧៩ ដែលគិតត្រឹមឱ្យរស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែង បច្ចុប្បន្នមានហូបហើយ ត្រូវឆ្ងាញ់ និងមានសុវត្ថិភាព។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះរឿងអប់រំ តែកុំឱ្យជ្រុលរឿងប្រកាន់ ឬរឿងរើសអើងវណ្ណៈ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រមុខរដ្ឋឡាវ នឹងអញ្ជើញចូលរួមបើកស៊ីហ្គេមនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ការដណ្តើមមេដាយជារឿងមួយ តែក្នុងនាមជាម្ចាស់ផ្ទះ ត្រូវរៀបចំការប្រកួតនេះឱ្យបានល្អ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស យកចិត្តទុកដាក់លើរឿងអនាម័យក្នុងពេលកម្ពុជារៀបចំការប្រកួតស៊ីហ្គេម។

* សម្តេចតេជោ ហ៊ុន សែន ពេញចិត្តការប្រកួតបាល់ទះមិត្តភាពរវាងកម្ពុជា និងបារាំង។ សម្តេចតេជោ សរសើរសមត្ថភាពកីឡាករកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងកីឡា គឺជារឿងទាំងអស់គ្នា មិនមែនជារបស់នរណាម្នាក់ឡើយ។ ប៉ុន្តែបក្សប្រឆាំងមិនសរសើរហើយ ថែមទាំងជេរទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច គឺជាកំហុសមួយដ៏ធ្ងន់ធ្ងរ។ ជាពិសេសជាការវាយប្រហារដ៏ធ្ងន់ទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល លើការចាត់ចែងថវិកាជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងធ្ងន់ៗថា «កុំរំពឹងថា វិទ្យុ VOD រស់ឡើងវិញ»

* សម្តេចតេជោ បានថ្លែងថា សំណួរដែលសម្តេចត្រៀមសួរនោះ តើការផ្សាយចោទលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំមើលក្រសួងកិច្ចការនារី និងអង្គការសង្គមស៊ីវិល ឆ្លើយតបចំពោះការប្រមាថចំពោះប្អូនស្រី និងភរិយាសម្តេច។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអង្គការសង្គមស៊ីវិលថា ហេតុអ្វីអ្នកឯងការពារតែនារីខាងប្រឆាំង ដោយឡែកនារីខាងរាជរដ្ឋាភិបាល អ្នកឯងមិនការពារ?

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការពិនិត្យលើប្រភពថវិការបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទវិទ្យុ VOD មិនធ្វើឱ្យស្លាប់ប្រជាធិបតេយ្យនៅកម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន ស្នើលោក ស៊ន តារា ឱ្យកាត់សក់ និងកោរពុកមាត់។

* សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងប្រធានាធិបតីបារាំង ឱ្យលេខទូរស័ព្ទទាក់ទងគ្នាផ្ទាល់ និងបង្កើនកម្រិតស្និទ្ធស្នាល លើសពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដោយក្លាយជាមិត្តភក្តិបងប្អូននឹងគ្នា។

* សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ពីប្រធានាធិបតីបារាំង ចំពោះការទម្លាយនូវទំនាក់ទំនងរវាងសម្តេច និងលោកប្រធានាធិបតី។

* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ប្រធានាធិបតីបារាំង ស្នើសម្តេចកាន់អំណាច៣-៤ឆ្នាំបន្តទៅទៀត ដើម្បីធ្វើជាដៃគូជាមួយរូបលោក

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចផ្តាំកូនចៅ កុំឱ្យអត់ឱនឱ្យមេនយោបាយជ្រុលនិយម។