ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី នៃសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន១៥៣០នាក់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
នាឱកាសនោះ តំណាងឲ្យសមាជិក សមាជិកាថ្មីចំនួន១៥៣០ នាក់ ដែលត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានឡើងប្តេជ្ញាចិត្តថា ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ថា គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់យ៉ាងធំធេងចំពោះសង្គមជាតិ មាតុភូមិ និងសូមគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា។ ចូលរួមគ្រប់សកម្មភាពរបស់គណបក្សប្តេជ្ញាបោះឆ្នោតជូនគណបក្ស ដែលធ្វើឲ្យសមាជិកបក្សម្នាក់ គឺសម្លេងឆ្នោតគាំទ្រមួយសន្លឹក។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បាននាំមកនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់សមាជិកថ្មីចំនួន១៥៣០នាក់ ដែលទើបនឹងចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា ការរក្សាបានសមាជិកចាស់ កសាងសមាជិកបក្សថ្មីបន្ថែម នៅក្នុងសង្កាតទាំង៧ គឺជាកម្លាំងសាមគ្គីមួយបន្ថែមទៀត សម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិតបន្តថា សមាជិកបក្សចាស់ ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស។
បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងអំពីប្រវត្តិ និងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឱ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សបានគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអាគត។
ក្នុងនោះដែរ ឯកឧត្តមប្រធានបានស្នើដល់ក្រុមការងារ និងគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ បន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំពាក់បំប៉នទាំងខាងនយោបាយសតិអារម្មណ៍ ធ្វើឲ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សាភ្ជាប់ជាមួយគណបក្ស និងបោះឆ្នោតជូនគណបក្សឲ្យគ្រប់គ្នា ដើម្បីដណ្តើម និងបង្កើនប្រៀបឈ្នះបន្ថែមទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាពេលមុខ៕