បំពង់ទឹកស្អាតទំហំ២០០០មីលីម៉ែត្រធំបំផុតនៅកម្ពុជា បើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាបហើយ ​ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ


បំពង់ទឹកស្អាត ដែលមានមុខកាត់ទំហំ ២០០០មីលីម៉ែត្រ ដែលជាគម្រោងធំបំផុត​នៅកម្ពុជា បានបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាបហើយ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីធានាដល់ការបញ្ជូនទឹកទៅគម្រោង​រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង​ ខណៈរោងចក្រ​បាក់ខែងជំហ៊ានទី១ នឹងត្រូវដាក់ឱ្យដំណើរការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខដ៏ខ្លីនេះ។

ថ្លែងក្នុងពិធីបើក​​ការដ្ឋាន​ដាក់ទុយោទំហំ២០០០មីលីម៉ែត្រនេះ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ​នេះប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសកម្ពុជា ដែលបានដាក់នូវបំពង់មេដែលមានទំហំធំបែបនេះ ព្រោះនៅលើពិភពលោក មានប្រទេសតិចណាស់ដែលមានទុយោទំហំរហូតដល់២០០០មីលីម៉ែត្រដាក់ចុះក្រោមទឹក។

ឯកឧត្តមបន្តថា ​«យើងប្រហែលនៅក្នុងចំណោមប្រទេសមិនដល់៥ ឬ១០ប្រទេសទេ ដែល​មានដាក់បំពង់មេធំ ដែល​យើងអាចធ្វើជាគម្រូដល់ប្រទេសជិតខាង ក្នុងការធ្វើការផលិតទឹកស្អាតនាពេលខាងមុខនេះ»

ឯកឧត្តមបន្ថែមថា ទុយោ​ទំហំ២០០០មីលីម៉ែត្រ នឹងត្រូវដាក់ឈ្មោះថា «មហាទុយោ ប៊ុនរ៉ានីហ៊ុន សែន» ​ក្នុងថ្ងៃសម្ពោធនាពេលខាងមុខ។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា បំពង់ទឹកស្អាត ដែលមានមុខកាត់ទំហំ ២០០០មីលីម៉ែត្រ ដែលបាន​ដាក់នៅក្រោមទន្លេសាបនេះ មានតម្លៃប្រមាណ៧លានដុល្លារ មានប្រវែងជាង៧០០ម៉ែត្រ ដើម្បីបញ្ជូនទឹកទៅគម្រោង​រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលនឹងធានាថា ការផ្គត់ផ្គង់ទឹកដល់ពលរដ្ឋ ជាពិសេសនៅប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ​ទៅតាមផែនការដែលបានគ្រោងទុក​ ​បន្ទាប់ពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហ៊ានទី១ ​ដាក់ឱ្យដំណើរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

លោកបន្តថា «ជំហ៊ានដំបូងនេះ យើងខិតខំថា ធ្វើម៉េចឱ្យសមត្ថភាពផលិតដែលរុញពីបាក់ខែងជំហានទី១នេះ បានប្រមាណជាង៧០% នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។ ប៉ុន្តែ​វានឹងទៅពេញសមត្ថភាពនៃការផលិត១០០% ដើម្បីបញ្ជូនទៅប៉ែកខាងលិចរាជធានីភ្នំពេញ ដែលយើងគ្រោងនៅអំឡុងខែកញ្ញា ឬតុលា គឺទឹកនឹងជំរុញទៅទុយោទាំងលើផងនឹងខាងក្រោមផង ដើម្បីរុញទឹកទៅ១០០% នៃរោងចក្របាក់ខែងជំហាន១នេះ ផ្គត់ផ្គង់ទៅប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ»

លោកបន្ថែមថា «ដោយឡែកគម្រោងបាក់ខែងជំហានទី២នឹងហើយនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ អ៊ីចឹងទឹកដែលរុញចូលទៅក្នុងបណ្តាញគឺធានាចាប់ពីខែឧសភា ឆ្នាំ២០២៣នេះទៅ សមត្ថភាពផលិតនិងបញ្ជូនទឹកឱ្យប្រើប្រាស់កាន់តែកើន ធានាបណ្តើរៗហើយរហូតដល់ចុងឆ្នាំ២០២៣ សមត្ថភាពនៃការរុញទឹកប្រើប្រាស់នៅជំហ៊ានទី១គឺគ្រប់គ្រាន់នូវការខ្វះខាត​នាពេលបច្ចុប្បន្ន បានន័យថាផ្ទៃសេវាដែលយើងមានបច្ចុប្បន្នយើងឃើញហើយថា មានសម្ពាធកន្លែងខ្លះខ្សោយ កន្លែងខ្លះខ្លាំង ប៉ុន្តែចាប់ពីចុងឆ្នាំ២០២៣នេះ ទីតាំងសេវាដែលយើងមានបច្ចុប្បន្ននេះ គឺនឹងទទួលបានទឹកប្រើប្រាស់១០០%។ ​ចំណែកនៅក្នុងឆ្នាំ២០២៤ ២០២៥ និង២០២៦ ទឹកបាក់ខែជំហ៊ានទី២នេះ នឹងបន្តពង្រីកទៅតំបន់ដែលមិនទាន់មានបំពង់ទឹក ​ដែលយើងគ្រោងថានៅឆ្នាំ២០២៦ រាជធានីភ្នំពេញនឹងទទួលបានទឹកប្រើប្រាស់១០០% នៅលើផ្ទៃសេវា»

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ ​រួមនឹងគណៈប្រតិភូ មកពីប្រទេសបារាំង ដែលរួមមានសមាជិក​សភានៃប្រទេសបារាំង ​ប្រធានសក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) សហភាពអឺរ៉ុប និងតំណាងធនាគារវិនិយោគអឺរ៉ុប បានចុៈទស្សនកិច្ចការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងផងដែរ ដើម្បីពិនិត្យមើលពីដំណើរការ​ការសាងសង់ មុននឹងរោងចក្រផលិតទឹកស្អាតបាក់ខែងដាក់ឱ្យដំណើរការ។ ​

លោក ឡុង ណារ៉ូ ​បានលើកឡើងថា នេះជាលើកទី១ហើយ ដែលគណៈប្រតិភូ រួមមានមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងសមាជិក​សភាបារាំង រួមនឹងដៃគូអភិវឌ្ឍន៍ បានចុះមកទស្សនកិច្ចរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង​​នេះ។ ការចុះទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គណៈប្រតិភូបារាំងនេះ ស្របដែលព្រឹទ្ធសភាកម្ពុជា បានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។

សូមជម្រាបថា គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហ៊ានទី១ ​មានសមត្ថភាពផលិតទឹកស្អាតបានមួយថ្ងៃ១៩៥០០០ម៉ែត្រគូប ដោយ​សម្រេចការសាងសង់បាន៨៩%នៃទំហំការងារទាំងមូល។

គម្រោងរោងចក្រ​បាក់ខែងជំហ៊ានទី១ ត្រូវបានប្រើថវិកាសាងសង់ប្រមាណ២០០លានដុល្លារ ​ក្នុងនោះទទួលបានកម្ចី​ពីAFD​ចំនួន ៨៥លានដុល្លា​រ, ពីធនាគារវិនិយោគអឺរ៉ុប (EIB) ​ចំនួន ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាម៉េរិក​៕