លោកជំទាវបណ្ឌិត ម៉ៅ ម៉ាល័យ អញ្ជើញបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តទួលពង្រ នៅក្រុងប៉ោយប៉ែត


(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសរូបបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ និងឯកឧត្តម កែ សួនសុភាព តំណាងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា វត្តទួលលក្ខរស្មីមានជ័យ (វត្តទួលពង្រ) សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ ខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំខេត្តមន្ទីរ-អង្គភាពជុំវិញខេត្ត យាយ ជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នាឱកាសនោះ លោកជំទាវបណ្ឌិត ម៉ៅ ម៉ាល័យ បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានរួមចំណែក ក្នុងការកសាង និងជួសជុលនូវសមិទ្ធផលនានាក្នុងវត្តទួលលក្ខរស្មីមានជ័យ ប្រកបដោយក្បូរក្បាច់ រចនាយ៉ាងប្រណិត។

លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀតទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិយើង។ ជាពិសេសបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្ររាជរដ្ឋាភិបាល និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជា ដើម្បីបន្តបោះជំហានលើការអភិវឌ្ឍន៍ជាបន្តទៀត។

ជាមួយគ្នានោះ លោកជំទាវក៏បានជំរុញឲ្យអាជ្ញាធរបន្តយន្តការដោះស្រាយបញ្ហា និងរាល់សំណូមពរឱ្យបានលឿន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដោយឡែកពលរដ្ឋត្រូវគោរព ការពារថែរក្សាសមិទ្ធផល និងសុខសន្តិភាពរួមគ្នាបន្តទៀត៕