ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់


ព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ជាង៧ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧,០២១នាក់ នារី ៣,៧០១នាក់។

ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅសល់តែ ៧០ថ្ងៃប៉ុណ្ណោះ ឈានដល់ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាមួយនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ បានចាត់ទុកនិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលនេះ មិនមែនជាការកើតឡើងដោយចៃដន្យ ឬដោយទេវតាប្រទាននោះឡើយ តែជាសមិទ្ធផលកើតចេញពីការគិតគូរ និងការប្រឹងប្រែងរបស់ប្រជាជាតិកម្ពុជាទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យមានការពង្រឹងគុណភាពអប់រំ។ មិនអាចឱ្យមានតែការបណ្តុះបណ្តាល មានសញ្ញាបត្រ ហើយគ្មានគុណភាពនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងរៀនក្រោមដំបូលសាលាខ្មែររហូតបានចំណេះដឹង តែបែរជាបន្តុះបង្អាប់ការបណ្តុះបណ្តាលនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យបន្តសិក្សារៀនសូត្របន្ថែមទៀត។ សម្តេចតេជោ បានបញ្ជាក់ថា ការនៅត្រឹង ស្មើនឹងដើរថយក្រោយ ឬអភិរក្ស ដែលជាឧបសគ្គដល់ដំណើរនៃការអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនព្រមរៀន មិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់ថៃ និងវៀតណាម គឺជារឿងល្អសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីអប់រំ ជជែកជាមួយឡាវ ឱ្យផ្តល់ថ្លៃអាហារូបករណ៍ជូននិស្សិតជាប្រាក់ដុល្លារ ឆ្លើយតបការប្រែប្រួលអត្រាប្តូរប្រាក់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់ឧបត្ថម្ភទៅកាន់បណ្ណាល័យ​របស់សម្តេចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១០លានរៀលក្នុងមួយខែ ចាប់ពីខែមីនា ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនសាលាណា ចេះតែអាចផ្តល់បណ្ឌិតកិត្តិយសជូនសម្តេចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ឆ្ងល់ថា ក្រុមប្រឆាំងចេះតែថាសម្តេចមិនចេះ ប៉ុន្តែយកឈ្នះសម្តេចមិនបាន។

* សម្តេចតេជោ ហ៊ុន សែន បង្រៀនលោក ស៊ន តារា ស្រឡាញ់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង? សម្តេចតេជោ ហ៊ុន សែន បង្រៀនលោក ស៊ន តារា តើស្តាប់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្តាប់ផងហ្នឹង? សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវនៅបើកជានិច្ចសម្រាប់លោក ស៊ន តារា។

* សម្តេចតេជោ ហ៊ុន សែន ច្រានចោលការចោទ និងបន្តុះបង្អាប់សម្តេចថា សម្តេចរុញម្តាយ ហើយសម្តេចជាអ្នកទាន់ដង្ហើមចុងក្រោយរបស់ម្តាយ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលម្តាយរបស់សម្តេចដួលបាក់ឆ្អឹង គឺសម្តេច កំពុងនៅប្រទេសវៀតណាម។ សម្តេចតេជោ បញ្ជាក់ថា ម្តាយសម្តេចដួលបាក់ឆ្អឹងដោយសារតែគ្រាប់ផ្លោងថ្ងៃ៦-៧​ កក្កដា ១៩៩៧។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមស្រាយបួស នៅថ្ងៃទី២៧ ខែមីនាខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖១៧នាទី នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញព័ត៌មាន Fresh News៕