ឯកឧត្តវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ពាស់ មូស្លិម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ឈឹម វុទ្ធា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ខៃរ៉ូល ហាហ្វីស ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាពិបាលអង្គការមាគ៌ាជីវិត អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលប្រជា និងប្រគល់ប្រព័ន្ធទឹកស្អាត ចំនួន ០២កន្លែង ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រៀវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បើតាមការលើកឡើងរបស់ម្ចាស់ជំនួយ បានឱ្យដឹងថា ការសាងសង់ប្រព័ន្ធទឹកស្អាត សម្រាប់ប្រជាជននៅក្នុងមូលដ្ឋានភូមិនេះ ជាប្រភេទទឹកមាន PH កម្រិតខ្ពស់ ដែលមានគុណភាពល្អ សម្រាប់ការប្រើប្រាស់។ លោកបញ្ជាក់ថា ប្រព័ន្ធទឹកមាននេះ អាចប្រើប្រាស់បានរាប់សិបឆ្នាំ និងជាផ្នែកមួយសំខាន់ សម្រាប់ជីវភាពរស់នៅ ក្នុងការទ្រទ្រង់អាយុជីវិត ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។
ឯកឧត្តមបានលើកឡើងថា ទឹកគឺជាជីវិត។ ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹកនៅកម្ពុជា។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ រដ្ឋាភិបាលតែងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំជាគោលនយោបាយស្ដីពីការគ្រប់គ្រងទឹក និងការអភិវឌ្ឍជនបទ ពិសេសទឹកស្អាតសម្រាប់ប្រជាជននៅជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយជំងឺផ្សេង។ ប្រទេសកម្ពុជា កំពុងសម្រេចបាននូវវឌ្ឍនភាពជាបណ្តើរៗ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាត។ ប្រព័ន្ធទឹកស្អាត និងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាត និងអនាម័យ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងជំរុញការចូលរួមពីក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ សង្គមស៊ីវិល និងវិស័យឯកជន ឆ្លើយតបនឹងគោលដៅរអភិវឌ្ឍន៍ប្រកបដោយចីរភាពស្ដីពីទឹកស្អាត ជាមួយនឹងចក្ខុវិស័យជំរុញឱ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យឱ្យបានជាសកលត្រឹមឆ្នាំ២០៣០។
សមិទ្ធផលនានាកើតឡើង ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ។ សន្តិភាព ប្រៀបបានខ្យល់អុកស៊ីសែន ដែលប្រជាពលរដ្ឋត្រូវការ និងថែរក្សា ការពារបន្ត។ កម្ពុជា បានប្រែក្លាយពីប្រទេសសង្រ្គាមរ៉ាំរ៉ៃ គំនរផេះផង់ ជាប្រទេសកំពុងអភិវឌ្ឍគ្រប់វិស័យ ស្មើមុខ ស្មើមាត់ទាំងកនៅក្នុងតំបន់ និងសកលលោក។ ជាក់ស្ដែង ឆ្នាំ២០២២ កម្ពុជាបានធ្វើជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុប ទទួលបានផ្លែផ្កាគួរជាទីមោទនៈ ហើយក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន បានដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យត្រចះត្រចង់ មានមេដឹកនាំ ឬប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមហាអំណាចចូលរួមជាច្រើន។ ឆ្នាំ២០២៣នេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ដែលរយៈពេលជាង ៦០ឆ្នាំ យើងមិនធ្លាប់មាន មកដល់ថ្ងៃនេះ សល់តែ ៧០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានមកល់។
ឯកឧត្តមបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តអនុវត្តអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីសុខភាព និងសុភមង្គល ព្រមទាំងជួយថែរក្សាសមិទ្ធផលនេះ ទុកប្រើប្រាស់ឱ្យបានយូរអង្វែងទៅមុខ។