ឯកឧត្តមវេជ្ជបណ្ឌិតសុះ មុះសិន អញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៤:៤៥នាទីទៀបភ្លឺ បណ្ដាលឱ្យខូចខាតផ្ទះសង់អំពីឈើមួយខ្នង ដំបូលប្រក់ក្បឿង ឆេះអស់ទាំងស្រុង និងស្លាប់មនុស្ស៤នាក់ និងរបួស២នាក់ នៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម និងបានឆក់យកអាយុជីវិតសមាជិកគ្រួសាររហូតដល់ទៅ ៤នាក់ (ឪពុក និងកូន៣នាក់) និងបន្សល់ទុកស្ត្រីជាប្រពន្ធ-ម្តាយ រងរបួសធ្ងន់ និងកូនតូចពីរនាក់។

ឯកឧត្តមបានសម្តែងនូវការសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលវាបានបំផ្លាញលំនៅដ្ឋាន និងបាត់បង់ជីវិតកូន ០៣នាក់និងប្តី។ ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងតែបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាកជូនជនរងគ្រោះទាន់ពេលវេលា ។

ឯកឧត្តមបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមគ្រួសារ សូមកាត់ចិត្ត និងក្រើនរំឮកបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានា និងបានលើកទឹកចិត្តដល់បងស្រីរងគ្រោះត្រូវរឹងមាំ ខិតខំកសាងជីវភាពឡើងវិញ ព្រមទាំងរៀបចំទុកដាក់កូនៗឱ្យបានរៀនសូត្រ ដើម្បីអនាគតគ្រួសារ។

ឯកឧត្តមបានបញ្ជាក់ថា ថ្ងៃនេះឯកឧត្តមបានពាំនាំអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះ រួមមាន ថវិកាចំនួន ១០០០ដុល្លា សម្ភារៈមួយចំនួន ជាអំណោយសប្បុរសធម៌របស់អង្គការមាគ៌ាជីវិត។ ដោយឡែក នាពេលកើតហេតុថ្មីៗ ក្រុមការងាររបស់សមាគមនិស្សិតមុស្លិមកម្ពុជាតាមបណ្តារាជធានី ខេត្ត ក៏មានពាំនាំថវិការបស់សប្បុរជនក្នុង និងក្រៅប្រទេស ចំនួន ៥០០០ដុល្លា និងសម្ភារៈមួយចំនួន ជូនដល់គ្រូសាររងគ្រោះនេះផងដែរ។