អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមានការចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីឈានទៅដណ្តើមផ្ការំដួលបីទង


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានជំរុញឱ្យមានការចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីឈានទៅដណ្តើមផ្ការំដួលបីទង

ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ឆ្នាំ២០២៣ ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ ដែលរៀបចំឡើងនៅសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា «បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលទាមទារយ៉ាងចាំបាច់បំផុតនូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងភាគីពាក់ព័ន្ធ ក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានល្អស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាព សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ខេត្តមានបរិស្ថានស្អាត និងមានភាពបៃតង គឺកើតចេញពីឆន្ទៈរបស់ពលរដ្ឋម្នាក់ៗ ក្នុងការចូលរួមប្រកបដោយ ការទទួលខុសត្រូវនិងដោយស្មារតីស្រឡាញ់បរិស្ថាន ដែលធ្វើឱ្យខេត្តកំពង់ស្ពឺអាចរក្សាតំណែងរំដួលពីរទង»

ឯកឧត្តម វ៉ី សំណាង បានថ្លែងថា សម្រាប់ឆ្នាំនេះ ក្រុងច្បារមននៃខេត្តកំពង់ស្ពឺ បានទទួលផ្ការំដួលពីរទង ដែលវាយតំលៃដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលការទទួលនេះ គឺជាការរក្សាខ្សែក្រវាត់នៃឆ្នាំកន្លងមក។

ឯកឧត្តមអភិបានខេត្ត បានអះអាងទៀតថា ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦ ២០២៥ សម្តៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។

ការប្រកួតប្រជែងនេះដែរ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ការអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។ ទីក្រុងស្អាតមានអនាម័យល្អ មិនត្រឹមតែធ្វើឱ្យបរិស្ថានរស់នៅរបស់យើងគ្រប់គ្នា មានផាសុខភាពប៉ុណ្ណោះទេ វាថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ និងំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន តាមរយៈកំណើតភ្ញៀវទេសចរណ៍ផងដែរ ហើយដើម្បីទទួលបានជោគជ័យក្នុងវិស័សទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការធ្វើឱ្យទីក្រុងស្អាត សេវាមានគុណភាពល្អនិងសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក៏បានជំរុញឱ្យមានការចូលរួមចលនាទីក្រុងស្អាត ឱ្យបានសកម្មទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្នុងទីក្រុងយើង និងជំរុញកែលម្អមជ្ឈដ្ឋានរស់នៅ របស់យើងគ្រប់គ្នា ឱ្យកាន់តែល្អប្រសើរប្រកបដោយសុខដុមរមនា និងដើម្បីកិត្តិយសជាតិយើងទាំងអស់គ្នាផងដែរ ហើយពិសេសដើម្បីឈានទៅដណ្តើមយករំដួលបីទង នាឆ្នាំខាងមុខ៕