នាយករដ្ឋមន្រ្តីកម្ពុជា៖ លើកទឹកចិត្តឲ្យចិញ្ចឹមសត្វកម្រជិតផុតពូជ តែបើយកទោសអ្នកចិញ្ចឹមក្ងោក អ្នកមានទោសមុនគេគឺសម្តេចតេជោ ឯកឧត្តម ហ៊ុន ម៉ានិត, ឯកឧត្តម ហ៊ុន តូ និងលោកជំទាវ ហ៊ុន ម៉ាលីស


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានស្នើឲ្យកែច្បាប់ដែលពាក់ព័ន្ធនឹងការចិញ្ចឹមសត្វព្រៃ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចិញ្ចឹមសត្វកម្រជិតផុតពូជ ហើយសម្តេចបានបន្ថែមថា បើយកទោសអ្នកចិញ្ចឹមក្ងោក អ្នកមានទោសមុនគេគឺសម្តេចតេជោ, ឯកឧត្តម ហ៊ុន ម៉ានិត, ឯកឧត្តម ហ៊ុន តូ និងលោកជំទាវ ហ៊ុន ម៉ាលីស។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីថ្មីៗនេះ មានករណីសត្វក្ងោករបស់អ្នកខេត្តកំពង់ឆ្នាំង ឈ្មោះ យឹម សំអឿន ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ចុះរឹបអូស​យកទៅដាក់នៅសួនសត្វភ្នំតាម៉ៅ ក្រោមហេតុផលច្បាប់ហាមឃាត់មិនឱ្យចិញ្ចឹម។

នៅថ្ងៃទី២៨ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិបត្តិការ និង​បញ្ជា​ឱ្យ​យក​សត្វក្ងោកទាំងនោះប្រគល់ជូនម្ចាស់ដើមវិញ។ មន្ត្រីរដ្ឋបាលព្រៃឈើ បាននាំយកសត្វក្ងោកទាំងនោះ ទៅដល់ផ្ទះរបស់លោក សំអឿន វិញ នៅវេលាម៉ោងប្រមាណ ៥៖៣៣នាទីល្ងាចនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឲ្យសិក្សាបន្ទាន់ទៅលើបញ្ហាច្បាប់។ មន្ត្រីអនុវត្តន៍ច្បាប់របស់យើង គាត់អនុវត្តន៍ទៅតាមច្បាប់។ អញ្ចឹងបើសិនជាច្បាប់ហ្នឹងហួសសម័យ វាមិនសមស្រប យើងក៏កែច្បាប់ហ្នឹងបាន។ អញ្ចឹងម្សិលមិញ ខ្ញុំថារឿងអីទុកមួយអន្លើ យកក្ងោកហ្នឹងឲ្យម្ចាស់វិញ  អញ្ចឹងទេ ខ្ញុំឲ្យកែច្បាប់ ដើម្បីឲ្យប្រជាជនមានលទ្ធភាពចិញ្ចឹមសត្វដ៏កម្រ»

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការចិញ្ចឹមសត្វកម្រជិតផុតពូជ អាចបង្កើតចំណូលអ្នកចិញ្ចឹមពីអ្នកទេសចរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើយកទោសអ្នកចិញ្ចឹមក្ងោក អ្នកមានទោសមុនគេ គឺសម្តេចតេជោ បន្ទាប់មកលោក ហ៊ុន ម៉ានិត, លោក ហ៊ុន តូ និងលោកស្រី ហ៊ុន ម៉ាលីស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។

សូមជម្រាបថា សូមបញ្ជាក់ថា លោក យឹម សំអឿន បានចិញ្ចឹមក្ងោករយៈពេលជិត ១០ឆ្នាំមកហើយ នៅផ្ទះរបស់លោកក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នក្ងោករបស់គាត់​មានចំនួន​ប្រមាណ ២០ក្បាល។

លោក យឹម សំអឿន បាន​ តាំងពីចិញ្ចឹមមកលោកមិនដែលលក់​សត្វក្ងោកនោះ​ឡើយ​។ មានម្តងនោះលោក​ទាល់​លុយពេក ទើបប្រកាសលក់តាមហ្វេសប៊ុក តែក្រោយ​មក​​លោក​លុបវិញ ហើយមិន​មាន​​លក់​នោះឡើយ៕