ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្ពោធស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីចំនួន៣ ក្នុងរាជធានីភ្នំពេញ


(ភ្នំពេញ)៖ ស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនី EV STATION PLUZ របស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ៣ទីតាំងស្ថិត ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

ការដាក់សម្ពោធឲ្យប្រើប្រាស់ធ្វើឡើងក្រោមការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក Cherdkiat Atthakor, លោក Nuttapong Kaewtrakulpong អគ្គនាយកក្រុមហ៊ុន PTT ប្រចាំកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអបអរសារទរ ចំពោះការបើកសម្ពោធជាផ្លូវការ នៃស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនី EV STATION PLUZ របស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្ដីបានថ្លែងថា «ការដាក់សម្ពោធឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល យានយន្ដអគ្គិសនី EV STATION PLUZ ជាការចូលរួមចំណែកពីវិស័យឯកជន ក្នុងការកសាងប្រទេសជាតិរបស់កម្ពុជា ក្នុងនោះសង្ឃឹមថា ក្រុមហ៊ុន PTT នឹងបន្ដដាក់ស្ថាននីយបញ្ចូលថាមពលយានយន្ដអគ្គិសនីបន្ថែមទៀត ក្នុងនោះក៏សង្ឃឹមថា ក្រុមហ៊ុនដទៃទៀតនឹងរៀបចំដាក់កន្លែងបញ្ចូល ថាមពលយានយន្ដអគ្គិសនីនេះផងដែរ»

ឯកឧត្តមទេសរដ្ឋមន្រ្ដីបន្ដថា បច្ចុប្បន្នកម្ពុជាមានស្ថានីយបញ្ចូល ថាមពលយានយន្ដអគ្គិសនីចំនួន១៣កន្លែង ក្នុងនោះ៤កន្លែងស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន១កន្លែងក្នុងខេត្តបានដំបង, ចំនួន១កន្លែងក្នុងខេត្តសៀមរាប, ចំនួន១នៅក្នុងក្រុងព្រះសីហនុ, ចំនួន១កន្លែងនៅព្រៃសរ ចំនួន១កន្លែងនៅខេត្តមណ្ឌលគីរី, ១កន្លែងស្ថិតក្នុងផ្សារទំនើបអ៊ីអនសែនសុខ និង៣ជារបស់ក្រុមហ៊ុន PTT នេះឯង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្ឃឹមថាក្នុងឆ្នាំ២០២៣នេះ ស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនី នឹងកើនឡើង ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់ រថយន្ដអគ្គិសនី និងអាចធ្វើដំណើរគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា ដោយមិនបារម្ភ ក្នុងការអស់អាគុយប្រើប្រាស់នោះទេ។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមានការប្រើប្រាស់ថយន្ដដើរដោយអគ្គិសនី ម៉ូតូអគ្គិសនីឲ្យបាន ៧០ភាគរយ ក្នុងឆ្នាំ២០៥០ខាងមុខនេះ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន នេះជាគោលដៅរបស់រាជរដ្ឋាភិបាលរបស់កម្ពុជា។

ឯកឧត្តមបន្តថា ក្រៅអំពីការជំរុញឲ្យប្រើប្រាស់រថយន្ដអគ្គិសនីនេះ រាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងកសាង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត ដូចជាការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុមព្រះសីហនុ និងការបើកកដ្ឋានសាងសងផ្លូវល្បឿនលឿនភ្នំពេពេញ-បាវិត និងកំពុងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ព្រមទាំងបានពង្រឹង និងពង្រីកផ្លូវជាតិលេខ៥ ព្រមទាំងកិច្ចការងារជាច្រើនទៀត។

សូមបញ្ជាក់ថា កម្ពុជាជំរុញបន្ថែមទៀតលើការប្រើប្រាស់រថយន្ដអគ្គិសនី គិតរហូតមកដល់ពេលនេះ រថយន្ដអគ្គិសនីបានចុះបញ្ជីជាង ៤០០គ្រឿងហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំការប្រើប្រាស់រថយន្ដអគ្គិសនី មានការកើនឡើង ដោយសារតែប្រជាពលរដ្ឋចាប់ផ្តើមយល់ពីការប្រើប្រាស់រថយន្ដដើរ ដោយថាមពលអគ្គិសនីនេះ ការប្រើប្រាស់រថយន្ដអគ្គិសនី និងម៉ូតូដើរដោយអគ្គិសនី បានផ្ដល់ផលចំណេញជាច្រើនដូចជា ការបន្ថយពន្ធនាំចូល ការប្រើប្រាស់អគ្គិសនីមានតម្លៃធូរថ្លៃជាង ការប្រើប្រាស់ប្រេងសាំង៕