ក្រសួងបរិស្ថាន និងអង្គការដៃគូ រៀបចំសន្និសីទសារព័ត៌មានដើម្បីឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ នៅខេត្ត៥ នៃតំបន់ជួរភ្នំក្រវាញ


(ភ្នំពេញ)៖ ដើម្បីចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងកម្ពុជា ក្រសួងបរិស្ថាន ដោយមានការសហការជាមួយអង្គការដៃគូ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ នៅខេត្តចំនួន៥ នៃតំបន់ជួរភ្នំក្រវាញ។

សន្និសីទសារព័ត៌មាននេះដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, តំណាងអង្គការដៃគូរួមមានអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) អង្គការអភិរក្សអន្តរជាតិ (CI), អង្គការ ACCB, គម្រោងអនាគតបៃតងកម្ពុជា (USAID Cambodia Green Future), អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP នៅទីស្តីការក្រសួងបរិស្ថាន។

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួនប្រាំគឺ៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងប៉ៃលិន។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ មានគោលដៅសំខាន់ៗចំនួន៤រួមមានទី១៖ ពាក់ព័ន្អនឹការពង្រឹង និងការគាំទ្រប្រមូលធនធាន ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ, ទី២៖ ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ ហើយជាពិសេសសាច់ព្រៃអាចនឹងបង្កមហន្តរាយ និងឆ្លងជំងឺផ្សេងៗ, ទី៣៖ ការពង្រឹងលើកការងារអនុវត្តច្បាប់ ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងគោលដៅដើម្បីកាត់បន្ថយចំនួនអន្ទាក់ នៅតំបន់ការពារធនធានធម្មជាតិ និងទី៤៖ ការផ្លាស់ប្តូរឥរិយាបថ របស់ប្រជាពលរដ្ឋ សាធារណៈជន ជាពិសេសអ្នកនិយមបរិភោគសាច់ព្រៃ ដែលយល់ច្រឡំថាសាច់ព្រៃ គឺជាអាហារប៉ូវកម្លាំង បំប៉នសុខភាព និងព្យាបាលជំងឺផ្សេងៗ ដើម្បីឱ្យពួកគាត់លះបង់នូវការយល់ច្រឡំបែបនេះ ហើយងាកមកចូលរួមការពារ និងអភិរក្ស។

តាមរយៈការអនុវត្តយុទ្ធនាការនេះភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយឈរលើមូលដ្ឋាននៃការស្វែងរកដំណោះស្រាយរួមគ្នាចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិដែលកំពុងកើតមាន សំដៅសម្រេចបាននូវគោលបំណងរួមតែមួយគឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា និងបញ្ឈប់ការជួញដូរសត្វព្រៃដែលត្រូវបានហាមឃាត់ដោយច្បាប់។

«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានអនុវត្តយ៉ាងជាប់លាប់ជាមួយនឹងការរៀបចំសកម្មភាព និងប្រើប្រាស់មធ្យោបាយឃោសនាចម្រុះដើម្បីផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ និងសាធារណៈជនទូទៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរ និងជុំវិញតំបន់ការពារធម្មជាតិឱ្យយល់ដឹងអំពីផលវិបាកដែលបង្កឡើងដោយការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃទាំងចំពោះមនុស្ស និងធនធានសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជា។

យុទ្ធនាការនេះក៏បានបញ្ជៀបការយល់ដឹងជាសាធារណៈ ជាពិសេសបានផ្សព្វផ្សាយដល់អ្នកនិយមបរិភោគសាច់សត្វព្រៃ និងអ្នកជួញដូរសត្វព្រៃទាំងអស់ឱ្យដឹងពីហានិភ័យចំពោះសុខភាពផ្ទាល់ខ្លួន និងសុខភាពសាធារណៈដែលអាចកើតឡើងបណ្តាលមកពីការបរិភោគ និងការជួញដូរសត្វព្រៃទាំងនោះ ដើម្បីជំំរុញការផ្លាស់ប្តូរឥរិយាបថ និងលើកទឹកចិត្តឱ្យចូលរួមក្នុងការអភិរក្សសត្វព្រៃ និងថែរក្សាធនធានធម្មជាតិកម្ពុជា។

ភាពជោគជ័យនៃយុទ្ធនាការក្នុងដំណាក់កាលទី១ កន្លងទៅនេះ ជាការបោះជំហ៊ានលើមាគ៌ាដ៏ត្រឹមត្រូវមួយ ស្របទៅនឹងផែនការយុទ្ធសាស្រ្ត ព្រមទាំងចក្ខុវិស័យរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រង ការពារ និងស្តារតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីបម្រើប្រយោជន៍សង្គមសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានជីវភាពប្រសើរឡើង ជាពិសេសតាមរយៈសកម្មភាពអេកូទេសចរណ៍ និងជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ក្រៅពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដោយរក្សាបាននូវលំនឹងបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

សូមរំលឹកដែរថា អន្ទាក់ គឺជាឃាតករលាក់មុខ ហើយបាននិងកំពុងគំរាមកំហែងខ្លាំងចំពោះការរស់រានរបស់សត្វព្រៃ។ អន្ទាក់បានបង្កឱ្យសត្វព្រៃមួយចំនួនបានបាត់បង់ពីក្នុងព្រៃធម្មជាតិ ខណៈកំពុងធ្វើឲ្យចំនួនសត្វព្រៃមួយចំនួនធ្លាក់ចុះ។ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានផ្តួចផ្តើម និងដឹកនាំរៀបចំឡើងដោយក្រសួងបរិស្ថានដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងវិស័យអភិរក្សធនធានធម្មជាតិ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងគោលបំណងដើម្បីឈានទៅបញ្ចប់វិបត្តិនៃការដាក់អន្ទាក់នេះ។ ជាក់ស្តែងដំណាក់កាលទីមួយនៃយុទ្ធនាការនេះត្រូវបានអនុវត្តចប់សព្វគ្រប់ក្នុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ដោយបានធ្វើដំណើរក្នុងបណ្តាខេត្តនៃប៉ែកខាងកើតទន្លេមេគង្គរួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ។

គួររំលឹកផងដែរថា វិបត្តិអន្ទាក់មិនមែនកើតឡើងតែក្នុងប្រទេសកម្ពុជាទេ។ ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០ របស់អង្គការ WWF គេបានប៉ាន់ប្រមាណថា អន្ទាក់ចំនួនប្រមាណ ១២លានអន្ទាក់ មានវត្តមាននៅក្នុងតំបន់ការពារនៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។ តាមរបាយដដែលនេះ អន្ទាក់ទាំងនេះជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រមួយចំនួនដូចជា សត្វខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ ខ្លាឃ្មុំជាដើម៕