រដ្ឋមន្ដ្រីសុខាភិបាល ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ពកងពលថ្មើរជើងលេខ៥១ ឈរជើងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល រួមជាមួយ ក្រុមហ៊ុន សុខាអូតែល-រីសត ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ពកងពលថ្មើរជើងលេខ៥១ ឈរជើងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ដោយប្រតិបត្តិតាមគោលនយោបាយ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្ព័ន្ធមេត្រីភាពរវាងក្រសួងសុខាភិបាល ក្រុមហ៊ុន សុខាអូតែល-រីសត បានផ្សារភ្ជាប់រវាងអង្គភាពនៅខាងក្រោយ និងកងទ័ពជួរមុខ បានក្លាយជាគ្រួសាររួមសុខរួមទុក្ខជាមួយគ្នា ក្នុងបេសកកម្មរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងសង្គមជូនប្រជាជន និងប្រទេសជាតិប្រកបដោយភាពរឹងមាំ រក្សាបាននូវបូរភាពដែនដី និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច បានជានិរន្តរន៍។

ដើម្បីចូលរួមជាមួយអង្គភាព ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូ បានសម្តែងនូវគុណូបការនូវវីរៈភាពរបស់កងទ័ព និងក្រុមគ្រួសារ ព្រមទាំងបានពាំនាំនូវគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ដើម្បីចូលរួមសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ៕