ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន អាកាសា


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន អាកាសា មេឌា សឹលូសិន ដែលជាក្រុមហ៊ុនមួយរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរយ៉ាង ខ្លាំងចំពោះក្រុមការងារទាំងមូលរបស់អាកាសា ដែលបុគ្គលិកពោពេញដោយជំនាញស្នាដៃ និងបទពិសោធន៍ជាច្រើនឆ្នាំ។ លោកបានបញ្ជាក់ពីការពេញចិត្តសម្រាប់ រាល់ការងារកន្លងមកជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងស្នាដៃជាច្រើន ទៀតដែលក្រុមការងារសម្រេចបាន។

អាកាសា បានបង្កើតឡើងនា ឆ្នាំ២០២២ ជាមួយក្រុមការងារតូចមួយ និងបន្តបង្កើតជាក្រុមហ៊ុនផ្លូវការនាដើមឆ្នាំ២០២៣ ដោយមានការផ្តួចផ្តើមគំនិតដោយ លោកឧកញ៉ា លី សុភ័ក្ត ជាភាគទុនិក និងដោយមានការគាំទ្រ និងផ្តល់ឱវាទជាប្រចាំពីអ្នកឧកញ៉ា លី ហួរ។

អាកាសា មានជំហរ និងឆន្ទៈដ៏ជាក់លាក់ ក្នុងការចូលរួមអភិរក្សអក្សរសាស្ត្រជាតិ សិល្បៈ និងវប្បធម៌ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសិល្បៈទី៧ ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

តំណាងក្រុមហ៊ុនអាកាសា បានអះអាងថា បេសកកម្មជាអាទិភាពរបស់ពួកយើង គឺផ្តល់សេវាកម្មល្អ ទៅលើការផលិតស្ប៉តផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្កើតមាតិកាក្នុងប្រព័ន្ធបណ្តាញសង្គម ភាពយន្តខ្នាតខ្លី និងការគ្រប់គ្រងព្រឹតិ្តការណ៍នានា។ ក្រុមរបស់យើងមានជំនាញច្បាស់លាស់ មានបទពិសោធន៍ ដែលអាចប្រឈមមុខគ្រប់ស្ថានភាពការងារ។ កម្មវិធីទាំងអស់នេះ ជាបេសកកម្ម ជាវិញ្ញាសារចេញពីបេះដូងរបស់ក្រុមការងារ អាកាសា ក្នុងគោលបំណងចងក្រង ឯកសារសិល្បៈ វប្បធម៌ បោរាណរបស់ខ្មែរ សម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមបានបន្តថា អាកាសាក៏មានឱកាសចូលរួមជាមួយនឹងក្រុមហ៊ុនអប្សរាមេរ៉ា ផលិតស្ប៉តវីដេអូ ផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០២៣ ដោយមានការផ្តួចផ្តើមដោយ សហភាពសហព័ន្ធយុវជនកម្ពុជា។ អាកាសា ក៏បានចូលរួមចំណែកផងដែរក្នុងការរៀបចំការប្រគំតន្ត្រីរបស់យុទ្ធនាការ Beyond The Games ដែលជាការផ្សព្វផ្សាយជំរុញពីស្មារតី ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាមានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលោកដំបូង៕