រដ្ឋមន្ត្រី ថោង ខុន៖ ទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជិត៣០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមាន៥ម៉ឺន៥ពាន់នាក់


ភ្ញៀវទេសចរប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី២០-២៦ ខែកុម្ភៈ ២០២៣ មានចំនួនសរុប២៩០,៤៣៣នាក់ ក្នុងនោះភ្ញៀវជាតិមាន២៣៥,១៦៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៥៥,២៧០នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៦,២៨០នាក់
* រាជធានីភ្នំពេញ ៤១,៤៥៧នាក់
* ខេត្តសៀមរាប ៤០,៩២៣នាក់
* ខេត្តកំពត ២៥,៤៥២នាក់
* ខេត្តបាត់ដំបង ២០,៧០៣នាក់
* ខេត្តកំពង់ចាម ១៨,៤៥៣នាក់
* ខេត្តពោធិ៍សាត់ ១០,៦៦៧នាក់។

លោករដ្ឋមន្ត្រីបានបន្តថា ចរន្តភ្ញៀវទេសចរក្នុងស្រុកស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ​៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ សម្រាប់រយៈពេល២ខែដើមឆ្នាំ២០២៣នេះ ដែលមានភាពល្អប្រសើរជាងស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ដែលចំនួនភ្ញៀវទេសចរក្នុងស្រុកស្ថិតក្នុងចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តហ៍។

លោកបន្តទៀតថា ចរន្តភ្ញៀវទេសចរក្នុងស្រុករួមជាមួយលំហូរនៃភ្ញៀវទេសចរអន្តរជាតិ រំពឹងថានឹងមានកំណើនកាន់តែខ្លាំងជាមួយការដាក់ចេញយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ដែលត្រូវបានប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្រ្តី នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១១ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕