អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់ស្ពាន ក្នុងឃុំព្រែកកុយ ស្រុកកងមាស


អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើល ដំណើរការសាងសង់ស្ពានមួយកន្លែង ស្ថិតនៅក្នុងភូមិគោហ៊េ ឃុំព្រែកកុយ ស្រុកកងមាស។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ស្ពានដែលកំពុងដំណើរការសាងសង់នៅក្នុងទីតាំងដូចខាងលើនោះ គឺជាស្ពានប្រភេទបេតុង ឆ្លងកាត់ព្រែកជីក មានប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ ជាអំណោយរបស់រាជរដ្ឋាភិបាល នឹងអាចសាងសង់រួចជាស្ថាពរ នៅដើមឆ្នាំ២០២៤។

មន្ត្រីបានឲ្យដឹងទៀតថា ស្ពានឆ្លងកាត់ព្រែកមួយខ្សែនេះ ពិតជាមានអត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ អាចធ្វើដំណើរឆ្លងកាត់ ឬដឹកកសិផលផ្សេងៗចេញពី តំបន់មួយទៅតំបន់មួយទៀត។

ដោយហេតុថា ភូមិសាស្ត្រនៅចំណុចនេះមានផ្លូវពាក់ព័ន្ធគ្នា ជាមួយស្រុកជើងព្រៃ ស្រុកបាធាយ និងមកពីឃុំរាយប៉ាយ ស្រុកកងមា ឆ្លងកាត់ស្ពាននេះ មកខេត្តកណ្ដាល ឬទៅភ្នំពេញតែម្តង។ ដូច្នេះនៅចំណុចភូមិសាស្ត្រស្ពាន ដែលកំពុងសាងសង់នេះ នៅអាចក្លាយទៅជាទីប្រជុំជនមួយ ដែលផ្ដល់ប្រយោជន៍យ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋ អាចបង្កើតមុខរបរ និងបង្កើនជីវភាពគ្រួសាររបស់ពួកគាត់បានផងដែរ៕