សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាន ផ្លូវ ស្ថានីយ៍ទឹកស្អាត តម្លៃជាង១០ម៉ឺនដុល្លារ នៅឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ


ស្ពានឈើក្បាលបេតុងប្រវែង ៣០ម៉ែត្រ ទទឹង ៤ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហមប្រវែង ៣៣៦០ម៉ែត្រ និងស្ថានីយ៍ទឹកស្អាតសហគមន៍ភូមិបុស្ស ស្ថិតក្នុងឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ ឱ្យជាផ្លូវការ ក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកឆែប អាជ្ញាធរឃុំ ភូមិ និងអង្គការដៃគូរជាច្រើនទៀត។

នៅក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅក្នុងពិធីនេះ។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងប្រាប់ប្រជាពលរដ្ឋពីការអភិវឌ្ឍឥតឈប់ឈរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលការអភិវឌ្ឍនេះ ក៏ដោយសារប្រទេសជាតិយើង មានសុខសន្តិភាពផងដែរ។លោកក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យប្រទេសជាតិយើងមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យតទៅទៀត។

លោក សុខ សាន្តតារ៉ា បានថ្លែងបញ្ជាក់ថា សមិទ្ធិផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះរួមមាន៖ស្ពានឈើក្បាលបេតុងប្រវែង៣០ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់អស់ថវិកា៧០លានរៀល ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ៣៣៦០ម៉ែត្រ ចំណាយថវិកាអស់៩០លានរៀល និងស្ថានីយ៍ទឹកស្អាតសហគមន៍ភូមិបុស្យ ជាជំនួយរបស់អង្គការទស្សៈពិភពលោក សាងសង់អស់ថវិកាចំនួន ៧៧០០០ដុល្លារផងដែរ។

លោកអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធិផលដែលសម្ពោធនៅថ្ងៃនេះ ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង៕