ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ តួនាទីអប់រំរបស់សាសនា កាន់តែមានសារៈសំខាន់នៅក្នុងយុគសម័យទំនើប


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគតរបស់ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា វិទ្យាសាស្ត្រ និងសាសនាត្រូវដើរទន្ទឹមគ្នា ត្រូវជួយបំពេញគ្នាទៅវិញទៅមក ហើយតួនាទី អប់រំរបស់សាសនាកាន់តែមានសារៈសំខាន់នៅក្នុងយុគសម័យទំនើប។

តាមរយៈវីដេអូ ថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអមរា ស្ថិតនៅក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីម្សិលមិញ ហើយដែលត្រូវចែកចាយតាមបណ្តាញសង្គមផ្លូវការរបស់លោក នៅថ្ងៃទី០៧ ខែកុម្ភៈនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់តម្លៃខ្ពស់ចំពោះតួនាទីសាសនាសម្រាប់សង្គមជាតិ ដោយចាត់ទុកថា សាសនាត្រូវដើរទន្ទឹមគ្នាជាមួយវិទ្យាសាស្ត្រ ក្នុងការជួយដល់សង្គមរីកចម្រើន និងសុខដុមរមនា។ សាសនាមានសារសំខាន់ក្នុងការពន្យល់២ចំណុច ដែលក្នុងនោះទី១ គឺអបិយជំនឿ និងមួយទៀតអប់រំផ្លូវចិត្តឱ្យមនុស្សមានសន្តិភាព ធ្វើល្អបានល្អ។

ឯកឧត្តមបានលើកឧទាហរណ៍អំពីវិនាសកម្មកម្ពុជា នៅក្នុងសម័យប៉ុលពត ដែលដំបូងគេ គឺបំផ្លាញសាសនា បន្ទាប់មកបំផ្លាញមនុស្ស ដែលធ្វើឱ្យសង្គមកម្ពុជាមួយធ្លាក់ដុនដាប មិនមានការរីកចម្រើន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការជំរុញវិស័យសាសនាឡើងវិញ បន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ឆ្នាំ១៩៧៩។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា នៅក្នុងសង្គមកម្ពុជា ការបង្រៀនតែវិទ្យាសាស្ត្រតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ ដោយត្រូវជំរុញការអប់រំផ្លូវចិត្តតាមរយៈសាសនាថែមទៀត ដើម្បីឱ្យមនុស្សប្រព្រឹត្តអំពើល្អ មានវិន័យសីលធម៌ និងចេះគោរពគ្នា ដែលចំណុចនេះក៏ចូលរួមក្នុងការកាត់បន្ថយបទល្មើសកើតឡើង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបង្ហើបអំពីការបង្កើតក្រុមស្រាវជ្រាវអន្តរក្រសួងមួយ ដើម្បីចុះស្រង់បទពិសោធតាមសាលាមួយៗទាក់ទងនឹងសីលធម៌ និងការអប់រំ ហើយយករូបមន្តល្អៗមកផ្គុំគ្នាដើម្បីចេញជាគោលការណ៍រួមរបស់ថ្នាក់ជាតិ។

ឯកឧត្តមបញ្ជាក់ដូច្នេះថា៖ «ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នា មានចំណេះដឹង សមត្ថភាព តែបើអត់សីលធម៌ គុណធម៌ យើងយាប់ហើយ វាមិនខុសពីមេដឹកនាំប៉ុលពតនោះទេ សុទ្ធតែបណ្ឌិតមកពីស្រុកបារាំង តែសម្លាប់មនុស្សឈ្ងុយ ដោយមិនយកធម៌ជាគោល»