ក្រុមការងារខេត្តក្រចេះ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកបង្កើតថ្មី អូរគ្រៀងសែនជ័យ


 ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះទៅជួប និងធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកទើបបង្កើតថ្មី អូរគ្រៀងសែនជ័យ។

ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាអូរកណ្តៀរ នៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែងជ័យ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយស្រុកអូរគ្រៀងសែនជ័យ និងឃុំទាំង៥ បេក្ខជនក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំនិងស្មៀនឃុំទាំង៥ ប្រធានភូមិ និងមន្ត្រីមូលដ្ឋាន ប្រធាន អនុប្រធាន សមាជិកក្រុមបក្ស សរុបមានអ្នកចូលរួមចំនួនប្រមាណ៥០០នាក់។

បន្ទាប់ពី ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ បានថ្លែងមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបពីស្ថានភាពទូទៅនៃភូមិសាស្រ្តសង្គមនិងសេដ្ឋកិច្ចរបស់ស្រុកអូរគ្រៀងសែនជ័យ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងអំណរគុណក្នុងនាមប្រជាជន អាជ្ញាធរ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ជូនចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្អែកលើសំណើរបស់ក្រុមការងារ និងរដ្ឋបាលខេត្ត តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចបង្កើតស្រុកអូរគ្រៀងសែនជ័យដែលបំបែកចេញពីស្រុកសំបូរ ដោយកាត់យកឃុំចំនួន៥ គឺ ឃុំអូរគ្រៀង ឃុំអូរកណ្តៀរសែនជ័យ ឃុំរលួសមានជ័យ ឃុំស្រែជិះ និងឃុំក្បាលដំរី។ ស្រុកទើបបង្កើតថ្មីនេះមានភូមិចំនួន២៥ និងមានប្រជាពលរដ្ឋរស់នៅប្រមាណជាង៣ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ បានបញ្ជាក់ថាការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតស្រុកថ្មី នេះ គឺបានផ្តល់ឱកាសល្អ និងលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន និងដល់ការធ្វើសកម្មភាពរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងការផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះបានថ្លែងថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ គួបផ្សំជាមួយជោគជ័យនៃចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ ប្រទេសកម្ពុជាយើងក្នុងឆ្នាំ២០២២ និងឈានចូលឆ្នាំ២០២៣ នេះ ដែលសិ្ថតក្រោមមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បន្តសម្រេចបានសមិទ្ធផលសង្គមជាតិដ៏ធំធេង រួមមានជាអាទិ៍ ជោគជ័យនៃការប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពធម្មតាឡើងវិញដូចសព្វថ្ងៃ ជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជោគជ័យនៃការពុះពារដោះស្រាយផលវិបាកសង្គមបង្កឡើងដោយកូវីដ-១៩ ក៏ដូចជាការទប់ទល់បញ្ហាប្រឈមដទៃទៀតដែលបង្កដោយវិបត្តិសកលនៃការប្រែប្រួលអាកាសធាតុ ការប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ និងការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន។ល។

ជាចុងបញ្ចប់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ ក្នុងនាមក្រុមការងារចុះជួយខេត្តក្រចេះ បានសំណូមពរដល់មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តពុះពារសម្រេចភារកិច្ចបម្រើប្រជាជនឱ្យបានល្អ សំដៅដណ្តើមទឹកចិត្ត និងការគាំទ្រដោយបេះដូងពិតប្រាកដយូរអង្វែងរបស់ប្រជាជន បង្កើនស្នូលនិងកំលាំងសាមគ្គីរឹងមាំ ដើម្បីពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅសម្រេចជោគជ័យសារជាថ្មីសម្រាប់ការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

បន្ទាប់ពីពិធីសំណេះសំណាល ក្រុមការងារខេត្តក្រចេះក៏បានឆ្លៀតចុះសាកសួរសុខទុក្ខប្រជាជនតាមខ្នងផ្ទះ និងបានទៅពិនិត្យទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលបណ្តោះអាសន្នរបស់ស្រុកអូរគ្រៀងសែនជ័យដែលស្ថិតម្តុំជណ្តើរកាច់ ក្នុងភូមិសាស្រ្ត ភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ៕