លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ នៃវេទិកាបាគូសកល លើកទី១០


លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួម ក្នុងពិធីបើកជាផ្លូវការ នៃវេទិកាបាគូសកលលើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

វេទិកាបាគូសកលលើកទី១០ ត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center -NGIC) ក្រោមមូលបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ដោយមានការ ចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាព ណូបែល រួមទាំងតំណាងជាន់ខ្ពស់ រដ្ឋាភិបាល អង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០ រូប មកពីជាង ៦០ ប្រទេស។

ក្រោយពិធីបើកផ្លូវការ នៃវេទិកាបាគូសកល លើកទី១០ លោកជំទាវ កិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមស្តាប់ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ សំខាន់ៗ រួមមានៈ ការកសាងភាពធន់នៅក្នុងពិភពដែលកំពុងបែកបាក់ )យុគសម័យនៃការគំរាមកំហែងដ៏មហិមា )ការបង្កើតឡើងវិញនូវពហុភាពនិយម )ការកសាងនិម្មាបនកម្មសុខភាពពិភពលោកថ្មីមួយ។

វេទិកាដែលនឹងបន្តរហូតដល់ថ្ងៃទី ១១ ខែមីនា នឹងពិនិត្យមើលកត្តា ដែលគំរាមកំហែង ដល់សណ្តាប់ធ្នាប់ពិភពលោកថ្មី រួមមាន បញ្ហាសន្តិសុខ និងទស្សនវិស័យសម្រាប់ សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោក ដែលបែកបាក់គ្នា និងផលប៉ះពាល់ ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះដែល អង្រួនពិភពលោក និងការគំរាមកំហែង។

ប្រធានបទដែលលើកយកមកជជែកពិភាក្សា ពាក់ព័ន្ធទៅនឹងការកសាងភាពធន់ នៅក្នុងពិភពលោក ដែលកំពុងបែកបាក់ សុវត្ថិភាពអាកាសធាតុ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង សុវត្ថិភាពនុយក្លេអ៊ែរ ការបង្កើតឡើងវិញ នូវពហុភាពនិយម ក្នុងយុគសម័យថ្មីនៃការមិនចូលបក្សសម្ព័ន្ធតួនាទីរបស់ចិន សម្រាប់ការអភិវឌ្ឍ និងសន្តិសុខសកលលោក វិធានការទប់ស្កាត់ការធ្វើចំណាកស្រុកដែលជាសញ្ញាណនៃ ភាពក្រីក្រជាសកល វិសមភាព វិបត្តិអាកាសធាតុ និងជម្លោះ ក៏ដូចជាការស្តារឡើងវិញ ក្រោយវិបត្តិ នៃមេរោគរាតត្បាតសកល ក៏នឹងស្ថិតនៅក្នុងរបៀបវារៈ ក្នុងវេទិកានេះ ផងដែរ៕