សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅបន្ដ របស់រដ្ឋបាលរាជធានីភ្នំពេញ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្ដ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ។

សន្និបាតនេះបានបើកដំណើរការនៅតាំងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ដោយឯកឧត្តម ម៉ម សារិន ប្រធានក្រុមប្រឹក្សា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មុនដំណើរការសន្និបាត ឯកឧត្តម ឃួង ស្រេង បានលើកឡើងដោយសង្ខេបបង្ហាញពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២។

ក្នុងនោះ សន្និបាតរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន៥ ដែលសម្របសម្រួលដោយលោកប្រធានក្រុមប្រឹក្សា ក្នុងបំណងទទួលបានទានចូលកាន់តែច្បាស់លាស់បន្ថែមទៀត។ ប្រធានបទសំខាន់ៗ ទាំង៥នោះរួមមាន៖

*ប្រធានបទទី១៖ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង សំរាម ដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ សំណល់ថ្មពិល អាគុយជាដើម
*ប្រធានបទទី២៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្ដោតសំខាន់លើវិវាទដីធ្លី
*ប្រធានបទទី៣៖ បទពិសោធន៍ល្អៗ ក្នុងការសហការរៀបចំកិច្ចប្រជុំអន្ដរជាតិធំៗ និងការត្រៀមរៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២
*ប្រធានបទទី៤៖ គោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដោយផ្ដោតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការធ្វើអធិការកិច្ចហត្ថពលករបរទេស
*ប្រធានបទទី៥៖ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្ដរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា កិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាពទាមទារឲ្យបន្ដខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ដើម្បីថែរក្សាសមិទ្ធផល ស្នាដៃការងារ និងដើម្បីពង្រីកយន្ដការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាសុខសុវត្ថិភាព ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍរាជធានីភ្នំពេញ លើគ្រប់វិស័យ៕