អភិបាលខេត្តកំពង់ចាម បង្ហាញសមិទ្ធផលសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំ២០២២


នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម, អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញនូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ។

ពិធីបើកសន្និបាតនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២៣ នៅសាសសន្និសីទសាលាខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធផលសំខាន់ៗមួយចំនួនដែលយើងបានខិតខំរួមគ្នាពុះពារសម្រេចបានក្នុងឆ្នាំកន្លងទៅដែលមានជាអាទិ៍៖

*ទី១៖ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់

*កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានបន្តសហការ នឹងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្តកាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាមួយគ្នានេះការងារបង្ក្រាបបទល្មើស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសស្រាក់ស និងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន ការគ្រប់គ្រងវត្តមានជនបរទេសអន្តោប្រវេសន៍ ក៏ត្រូវបានយកចិត្តទុកដាក់ជាបន្ថែមទៀត និងកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

*ទី២៖ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២២ មានចំនួន ២០៩គម្រោង ក្នុងនោះ ប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ចំនួន ២៣គម្រោង ដោយបានរៀបចំកិច្ចលទ្ធកម្ម និងចុះកិច្ចសន្យាទាំង២៣ គម្រោង និងបានអនុវត្តបញ្ចប់គម្រោង ១០០% ចំនួន ២៣គម្រោង។ មូលនិធីក្រុង-ស្រុក គម្រោងមូលនិធិក្រុង-ស្រុកបានចំនួន ៤៩គម្រោង។ គម្រោងទាំងនោះត្រូវបានពិនិត្យលើភាពត្រឹមត្រូវនៃសំណើគម្រោង និងសម្របសម្រួលជាមួយ មន្ទីរជំនាញដើម្បីពិនិត្យបញ្ជាក់បច្ចេកទេសដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។ មូលនិធិឃុំ-សង្កាត់ ចំនួន ១៣៧គម្រោង ដោយមានការជួយសម្របសម្រួលសិក្សារៀបចំឯកសារនានា ពីមន្ត្រីគាំទ្របច្ចេកទេស និងទីចាត់ការផែនការ និងវិនិយោគ ត្រូវបាន ពិនិត្យលើភាពត្រឹមត្រូវនៃសំណើគម្រោង និងសម្របសម្រួលជាមួយមន្ទីរជំនាញ ដើម្បីពិនិត្យបញ្ជាក់បច្ចេកទេសដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។ ជាលទ្ធផល គម្រោងទាំង ១៣៧គម្រោង បានបញ្ចប់កិច្ចសន្យាបានចំនួន ៣៥ គម្រោង,បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ១៣៣គម្រោង កំពុងអនុវត្តចំនួន ២គម្រោង និងមិនទាន់បានអនុវត្តចំនួន ២គម្រោង។

*ទី៣៖ ការផ្តល់សេវាសាធារណៈអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក បានលើកកម្ពស់គុណភាព ប្រសិទ្ធភាពរហ័ស តម្លាភាព និងគណនេយ្យភាព តាមរយៈ ការប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាល លើវិស័យនានា នៅនឹងកន្លែងតែមួយធានានូវការបង្ខិតសវាកៀកនឹងជិតប្រជាពលរដ្ឋ។ ជាក់ស្តែង អង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្ត បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ៣២.៨៩៥ សេវា និងចំនួន ១៩០.៦២៤សវា នៅតាមការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក។

*ទី៤៖ ការដោះស្រាយសំណើរសំណូមពរ របស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងដោះស្រាយសំណើរ សំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋានដែលប្រជាពលរដ្ឋ បានលើកឡើងតាមរយៈវេទិការរបស់ក្រុមប្រឹក្សាខេត្ត និងការចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងការតាមរយៈបណ្តាញសង្គម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខ្ញុំលើកទឹកចិត្ត លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាតផ្តល់នូវការគាំទ្រ និងចូលរួមខិតខំអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងផ្តល់នូវបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារឆ្នាំ ២០២៣ នេះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕