អភិបាលខេត្តកែប ដាក់ទិសដៅ៨ចំណុច សម្រាប់រដ្ឋបាលក្រុងកែបយកទៅអនុវត្តន៍


ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់ទិសដៅប្រសិទ្ធភាពការងារ៨ចំណុច ដល់ថ្នាក់ដឹកនាំក្រុងកែប ដើម្បីសម្រាប់អនុវត្តន៍បន្ត ឱ្យទទួលបានជោគជ័យនៅឆ្នាំបន្ទាប់។ ការដាក់ទិសដៅដូច្នេះ ខណៈឯកឧត្តមអភិបាល ខេត្ត ចូលរួមជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងកែប នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាក្រុងកែប ដោយចូលរួមពីសំណាក់ ស្ថាប័នតុលាការខេត្តកែប ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

ទិសដៅ៨ចំណុច សម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាពបន្ត រួមមាន៖

*ទី១៖ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព
*ទី២៖ ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យបានគត់មត់គ្រប់កន្លែងទូទាំងក្រុងកែប
*ទី៣៖ ត្រូវបន្តខិតខំស្រាវជ្រាវ និងសិក្សាឱ្យបានស៊ីជម្រៅនូវការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋ តាមករណីជាក់ស្តែង ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា
*ទី៤៖ បន្តខិតខំផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ធុរជន ឱ្យបានឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព
*ទី៥៖ រដ្ឋបាលក្រុង សង្កាត់ ការិយាល័យ អង្គភាពជំនាញ ត្រូវបង្កើនកិច្ចសហការ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត
*ទី៦៖ ជំរុញការងារផលិតកម្ម កសិកម្ម តាមរយៈការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ការស្ថាបនា ទំនប់ ប្រឡាយ ទ្វារស្ទាក់ទឹក ផ្លូវគមនាគមន៍ជាដើម
*ទី៧៖ បន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង និងចូលរួមសម្អាតអនាម័យ និងរៀបចំសោភ័ណភាពមុខផ្ទះ និងក្នុងលំនៅឋានរបស់ខ្លូន ឱ្យបានស្អាត និងអនាម័យ
*ទី៨៖ ដោយសារឆ្នាំ២០២៣នេះ ជាឆ្នាំមួយដែលកម្ពុជារបស់យើង នឹងរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ខេត្តកែបរបស់យើង ក៏នឹងក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើវិញ្ញាសា ទ្រីយ៉ាត្លុង និងជាម្ចាស់ផ្ទះបុណ្យសមុទ្រឆ្នាំ២០២៣ ដូច្នេះរដ្ឋបាលក្រុង ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់មកលើការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក៏ដូចជាការងារចាំបាច់ផ្សេងៗផងដែរ។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកែប ក៏សូមសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចំណុះឱ្យរដ្ឋបាលក្រុង ដែលបានខិតខំ ប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានា ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

រដ្ឋបាលក្រុង ស្រុក បានខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនានា និងការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋាន បានទាន់ពេលវេលាផងដែរ៕