អភិបាលខេត្តកំពង់ចាម រំលេចចេញអំពីការខិតខំរបស់មន្ត្រី ដែលទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ និងប្រមុខរដ្ឋាភិបាល


នៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ ២០២៣ ដែលជាព្រឹកថ្ងៃទី២ នៃពិធីសន្និបាតបុកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានរំលេចចេញនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលធ្វើឲ្យខេត្តកំពង់ចាម ទទួលបានការកោតសរសើរពីប្រជាពលរដ្ឋអំពីការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងទទួលប័ណ្ណសរសើររំដួល៣ទង ពីប្រមុខរដ្ឋាភិបាល។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា «ប្រការដែលយើងបានខិតខំទាំងអស់គ្នា ត្រូវបានទទួលសាទរពីប្រជាពលរដ្ឋ ក៏ដូចជាពីប្រមុខរដ្ឋាភិបាល តាមរយៈការផ្ដល់ជូនជ័យលាភី ក៏ដូចជាប័ណ្ណសរសើរ និងប្រាក់រង្វាន់ ដល់ខេត្តកំពង់ចាមរបស់យើង»

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា លទ្ធផលដែលខេត្តកំពង់ចាមសម្រេចបាន ទីការប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាព ខេត្តកំពង់ចាម ជាប់ជ័យលាភីលេខ១ ដែលលទ្ធផលនេះ គឺបានមកដោយសារអាជ្ញាធរ កងកម្លាំងមាន សមត្ថកិច្ចទាំងអស់ នៅតាមមូលដ្ឋានខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ប្រើប្រាស់គ្រប់យុទ្ធវិធី ដែលធ្វើឲ្យខេត្តយើងទទួលបានជ័យលាភីចំនួន ៦ឆ្នាំ ជាប់គ្នា គិតទាំងឆ្នាំ២០២២។

ជាមួយគ្នានេះ លទ្ធផលដែលខេត្តកំពង់ចាមយើងទទួលបានមួយទៀត គឺប័ណ្ណសរសើរពីរដ្ឋាភិបាលនូវរំដួល៣ទង ជាទីក្រុងស្អាត គឺសម្រាប់ខេត្តកំពង់ចាមទទួល២ដងជាប់ៗគ្នា។ នៅឆ្នាំ២០២៦ និងមានការប្រឡងប្រណាំងម្ដងទៀត ដូច្នេះយើងត្រូវរក្សាខ្សែក្រវ៉ាត់រំដួល៣ទងនេះបន្តទៀត ដោយធ្វើការអភិវឌ្ឍន៍សមត្ថភាពឲ្យទៅមុខជានិច្ច និងបង្កើនសមិទ្ធផលជាបន្តបន្ទាប់ទៀត ដែលត្រូវរៀបចំសោភ័ណភាពក្នុងក្រុងកំពង់ចាម ឱ្យបានល្អថែមទៀត៕