បាងកក,ប្រទេសថៃ : នៅថ្ងៃអាទិត្យ ទី ៦ សីហា ២០១៧ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំប្រជុំពិភាក្សាការងារជាមួយបងប្អូនក្រុមការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។ កិច្ចពិភាក្សាគឺផ្តោតទៅលើការវាយតម្លៃការងារកន្លងមកនិងរិះរកមធ្យោបាយនានាដើម្បីបង្កើនល្បឿនក្នុងការផ្តល់លិខិតឆ្លងដែននិងលិខិតធ្វើដំណើរជូនដល់បងប្អូនពលករខ្មែរនៅប្រទេសថៃ។
ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងបងប្អូនក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងការផ្តល់លិខិតឆ្លងដែននិងលិខិតធ្វើដំណើរដល់ពលករខ្មែរយើងនៅទីនោះ ក៏ដូចជាជួយដោះស្រាយបញ្ហាជាច្រើនជូនដល់ពលករខ្មែរយើងដែលជួបប្រទះនឹងបញ្ហានានាក្នុងពេលកន្លងមក ទោះជាចំនួនមន្ត្រីក្រុមការងារនៅមានកម្រឹតនៅឡើយ។
សូមបញ្ជាក់ដែរថា កន្លងទៅរាជរដ្ឋាភិបាលបានចាត់វិធានការ ជាច្រើននិងជាបន្តបន្ទាប់ដើម្បីជួយដល់បងប្អូនពលករខ្មែរយើងនៅប្រទេសថៃ ដូចជាការបញ្ជូនមន្ត្រីទៅធ្វើលិខិតឆ្លងដែននិងលិខិតធ្វើដំណើរជូនពលករខ្មែរយើងនៅក្នុងប្រទេសថៃ ការបញ្ជូនក្រុមការងារដើម្បីបើកលិខិតឆ្លងដែនជូនពលករខ្មែរយើងនៅទីក្រុងបាងកក និងតាមបណ្តាខេត្តមួយចំនួន ដែលជាលទ្ធផល ក្រុមការងារបានប្រគល់លិខិតឆ្លងដែននិងលិខិតធ្វើដំណើរជាង ៧ម៉ឺនក្បាលជូនដល់បងប្អូនពលករខ្មែរក្នុងរយៈពេលកន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ថែមជាបន្តបន្ទាប់ទៀត ដើម្បីជួយអោយការផ្តល់ភាពស្របច្បាប់ជូនបងប្អូនពលករខ្មែរ កាន់តែប្រព្រឹត្តិទៅដោយរលូននិងប្រសិទ្ធភាព។ ជាក់ស្តែងចាប់ពីដើមខែសីហានេះ រាជរដ្ឋាភិបាលបានរៀបចំជាយុទ្ធនាការថ្មីមួយដែលរួមមានវិធានការមួយចំនួនដូចជា៖
១) បន្ថែមចំនួនមន្ត្រីក្រុមការងារដើម្បីជួយបង្កើនល្បឿនក្នុងការបើកចែកលិខិតឆ្លងដែននិងលិខិតធ្វើដំណើរ
២) បង្កើនក្រុមការងារតាមបណ្តាខេត្តមួយចំនួនដែលមានពលករខ្មែរធ្វើការច្រើន និងសម្រួលនិតិវិធីដើម្បីអោយបងប្អូនពលករអាចស្នើសុំនិង ទទួលលិខិតឆ្លងដែននិងលិខិតធ្វើដំណើរនៅខេត្តទាំងនោះ ដោយមិនចាំបាច់ធ្វើដំណើរមកទីក្រុងបាងកក
៣) រៀបចំក្រុមការងារចុះចែកលិខិតឆ្លងដែននិងលិខិតធ្វើដំណើរដល់ពលករផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានពលករខ្មែរធ្វើការច្រើន
៤) រៀបចំក្រុមការងារថ្មីដើម្បីទទួលពាក្យស្មើសុំធ្វើលិខិតធ្វើដំណើរថ្មីសម្រាប់ពលករដែលមិនធ្លាប់បានដាក់ពាក្យសុំពីមុនមក។