កម្ពុជា-បង់ក្លាដែស ចាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាឡើងវិញ


លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទេសចរណ៍រវាងកម្ពុជា និងបង់ក្លាដេសលើកទី១ (The 1st Meeting of Cambodia-Bangladesh Joint Working Group on Tourism Cooperation) តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងទេសចរណ៍។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងផ្អែកតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានសន្តិភាព រាជធានីភ្នំពេញ រវាងរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ ក្រោមធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីលោក អាប៊ូ តាហ៊ី មូហាមេដ ស្សាប៊ឺ (H.E Abu Tahir Muhammad Zaber) នាយកប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍បង់ក្លាដេស និងមន្ត្រីជំនាញតំណាងក្រសួងអាកាសចរណ៍ស៊ីវិល និងទេសចរណ៍បង់ក្លាដេស មន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងទេសចរណ៍កម្ពុជាប្រមាណជាង២៥នាក់។

លោក ថោង រដ្ឋសក្តិ បានលើកឡើងពីសារៈសំខាន់ចាំបាច់ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានវាយតម្លៃខ្ពស់លើលទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការកន្លងមកលើវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកយ៉ាងពិតប្រាកដដល់អភិវឌ្ឍន៍ ក៏ដូចជាកំណើនទេសចរណ៍នៅកម្ពុជា។

កិច្ចប្រជុំនេះបានពិភាក្សាផ្តោតលើចំនុចសំខាន់ៗចំនួន៦ ដូចជា៖
១. កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍រវាងកម្ពុជា និងបង់ក្លាដេស និងទិសដៅអនុវត្តបន្ត
២. ការផ្សព្វផ្សាយទិសដៅទេសចរណ៍រៀងប្រទេសទាំង២
៣. ការចែករំលែកបទពិសោធន៍អំពីការផ្សព្វផ្សាយ ទីផ្សារ ការអភិវឌ្ឍ និងគ្រប់គ្រងទិសដៅទេសចរណ៍
៤. ការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្តោតលើប្រតិបត្តិករទេសចរ អ្នកផ្សព្វផ្សាយ អ្នកផ្តួចផ្តើមគំនិត
៥. ជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធផ្នែកទេសចរណ៍
៦. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរជាដើម។

ដើម្បីបន្តនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីនេះ ភាគីទាំងពីរក៏បានពិចារណារលើ
១. ការបន្តអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ឆ្នាំបន្ទាប់
២. ការតភ្ជាប់ជើងហោះហើររវាងគ្នានឹងគ្នា
៣. ការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា
៤. ការផ្សព្វផ្សាយទិសដៅទេសចរណ៍រួមគ្នា ពិសេសទេសចរណ៍បែបសាសនា (ព្រះពុទ្ធសាសនា)
៥. ការផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ FAM Trips នៃប្រតិបត្តិករទេសចរណ៍ និងអ្នកផ្សព្វផ្សាយ
៦. ការរៀបចំព្រឹត្តិការណ៍បង្ហាញផ្លូវទេសចរណ៍ (Roadshow)
៧. ការគាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិដែលរៀបចំឡើងដោយប្រទេសនីមួយៗ៕