សម្តេចតេជោ ហ៊ុន សែន អរគុណអាមេរិក និងអង់គ្លេស ដែលជួយឲ្យរូបចម្លាក់និងគ្រឿងអលង្ការបុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអរគុណដល់អាមេរិក និងអង់គ្លេស ដែលជួយឲ្យរូបចម្លាក់និងគ្រឿងអលង្ការបុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ។

ថ្លែងក្នុងឱកាសអញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ ដែលទាមទារបានពីបរទេសមកវិញ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរវិញ។

សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះ មានដូចជាក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ ក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិក ជាពិសេស ឯកឧត្តម ប៉ាទ្រិក ម៉ូរហ្វី ( Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ល្អ រួមជាមួយការគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ»

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា ពិធីដែលប្រារព្ធធ្វើនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។

សម្តេចតេជោ បន្តថា ជាការពិត ការផ្លាស់ប្តូរអ្នកជំនាញ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវប្បធម៌ ការដាក់តាំងពិពរណ៌វត្ថុ សិល្បៈ វប្បធម៌វិលជុំជាផ្លូវការតាមបណ្តាប្រទេសនានា ការខ្ចីដាក់តាំងវត្ថុសិល្បៈរយៈពេលវែងរវាងសារមន្ទីរ និងសារមន្ទីរ មិនត្រឹមតែជាយន្តការ និងនិន្នាការថ្មីមួយ ដែលអាចជួយទប់ស្កាត់នូវការជួញដូរខុសច្បាប់វត្ថុបុរាណនៃបណ្តាប្រទេស ដែលរងគ្រោះនៅ លើទីផ្សារអន្តរជាតិប៉ុណ្ណោះ ប៉ុន្តែក៏ជាយន្តការមួយដែលបានផ្សព្វផ្សាយវប្បធម៌នៃប្រទេសសាមីផង និងជាការឱកាសសម្រាប់ ប្រជាជននៃបណ្តាប្រទេសដែលនៅឆ្ងាយៗពីគ្នា អាចបានទស្សនា នូវលម្អនៃស្នាដៃសិល្បះ បញ្ញាញាណច្នៃប្រឌិតរបស់បុព្វជននៃ សម័យបុព្វកាល និងក៏អាចជាការជំរុញនូវចំណង់ចិត្ត ដើម្បីអញ្ជើញ មកទស្សនាដោយផ្ទាល់នៅក្នុងប្រទេសដែលជាប្រភពដើមតែម្តង៕