ប្រកាសបញ្ចូលយុវជនជាសមាជិកគណបក្សប្រជាជនជាង ៣,០០០នាក់ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ, ឯកឧត្តម ឃួង ស្រេង សូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក ជូនគណបក្ស


ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានអញ្ជើញសំណេះសំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាង ៣០០០នាក់ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានស្នើសុំឱ្យសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាព ឱ្យបានគង់វង់ និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា នេះជាការយល់ឃើញត្រូវរបស់បងប្អូន ដែលបានសម្រេចចិត្ត ចូលមករួមជីវភាពជាបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនជឿនលឿន ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីទុក្ខវេទនាយ៉ាងខ្លាំងបំផុត របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងរបប ប៉ុល ពត ដោយត្រូវបាន ប៉ុល ពត បង្អត់អាហារ ការកប់សម្លាប់យ៉ាងព្រៃផ្សៃអស់រាប់លាននាក់ និងលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពតនេះ និងបានកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ១៩ ថែមទៀត។ នេះជាមោទកភាព ដែលយើងមានមេដឹកនាំបក្ស និងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។

ឯកឧត្តមក៏បានលើកឡើងពីវិនាសកម្ម ដែលផ្តើមចេញពីសង្គ្រាម និងពន្យល់ប្អូនៗបានឱ្យយល់ពីតម្លៃនៃសុខសន្តិភាព ពោលគឺបើមិនមានសន្តិភាពទេ កម្ពុជាមិនមានអ្វីទាំងអស់ កុំថាឡើយអភិវឌ្ឍសូម្បីតែការជួបជុំគ្នាបែបនេះក៏មិនបានផង។ ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង់ និងសូមឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹក នៅថ្ងៃបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ធឹម សំអាន សមាជិក​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​ខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាសក្នុងកម្មវិធីខាងលើ មានចំនួន ៣,៣៧៦នាក់ ស្រី១,៦៤៩នាក់ (សមាជិកគណបក្សថ្មីជាយុវជនចំនួន ២,៤១១នាក់ ដែលក្នុងនោះយុវជនជាសិស្ស ចំនួន ៤៤៣នាក់) មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ៕