ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង


ឯកឧត្តមសុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយ សម្រាប់ខែបួសរ៉ម៉ាឌនក្នុងជូនប្រជាពលរដ្ឋសរុបចំនួន២៥០គ្រួសារ ដែលមកពីភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ១៥០គ្រួសារ និងមកពីភូមិ៤ សង្កាត់ដងទង់ចំនួន១០០គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជ.សាន់ សាប់អីរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ពាស់មុស្លិម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង លោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកចៅសង្កាត់ យុវជន សសយក ក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ក្រុមការងារសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា លោកគណៈអុីមាំស្រុក ហាកឹម តួន និងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តម សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអុំ ពូមីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។

ឯកឧត្តមបានបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងស្ថានកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល មិនទុកបងប្អូនចោលនោះទេ ហើយសូមបងប្អូន អុំពូ មីង មា បងប្អូនត្រូវតែរួមគ្នាថែរក្សាសន្តិភាព ពីព្រោះមានសន្តិភាពទើប មានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម បានបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ» ហើយសំណូមពរដល់អុំពូមីង មា បងប្អូនទាំងអស់ដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ។

នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បានលើកឡើងនូវសមិទ្ធផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ការថែរក្សាបាននូវសុខស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីត១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលបានបង្កើតភាពសាំបានល្អ ភាពជោគជ័យយ៉ាងស្រោចយ៉ាងត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ហើយកាន់តែសំខាន់ផងនោះ នៅសល់តែ៤៨ថ្ងៃទៀតទេ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃអាស៊ានហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ជាពិសេសនោះ សម្តេចតេជោប្រមុខដឹកនាំ និងចូលរួមពិសារអាហារស្រាយបួសសាមគ្គី ជាមួយសានិកឥស្លាមនៅកម្ពុជា នាថ្ងៃល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។

សូមជម្រាបជូនដែរថា អំណោយ បានផ្ដល់ជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ នាថ្ងៃនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៤គីឡូក្រាម, មី១០កញ្ចប់ ស្ករស០១គីឡូក្រាម ទឹកដោះគោ០២កំបុ័ង និងមីឡូ០១ដប។

ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣។