ផ្ទះ១០០ខ្នង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នង ធ្វើពីដែកនិងស្មាតបត ប្រក់សង្ក័សី ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ និងតសំយ៉ាប៣ម៉ែត្រ រួមនឹងបន្ទប់ទឹក១ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសាងសង់ដោយឧកញ៉ា វិញ ហួរ ក្នុងនាមសម្តេច តេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីប្រគល់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងលោកឧកញ៉ា វិញ ហួរ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ដែលទើបបានទទួលផ្ទះថ្មី ត្រូវខិតខំប្រឹងប្រែងរស់នៅក្នុងសង្គមដែលកំពុងរីកចម្រើនមួយនេះជាពិសេស ត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ ជូនបន្ថែមទៀត។

ក្នុងទឹកមុខប្រកបដោយក្តី សប្បាយរីករាយ អតីតយុទ្ធជនទាំអស់ដែលទើបទទួលបានផ្ទះថ្មី តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរ ពីសុខទុក្ខរបស់ពួកគាត់ ទាំងជីវភាពរស់នៅទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត។

លើសពីនេះ បានផ្តល់ប័ណ្ណ ប.ស.ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់ ពួកគាត់បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ បានសុខសប្បាយ សុខភាពរឹងមាំ ជាពិសេសក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សូមសម្តេចទាំងពី ជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ និងបន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត។

នៅក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោកឧកញ៉ា វិញ ហួរ បានឧបត្ថម្ភជូនបងប្អូនដែលទទួលបានផ្ទះ ទាំង១០០គ្រួសារ ក្នុងមួយគ្រួសារ ២០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម គ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត៕