អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខស្ត្រីកម្មការិនីប្រមាណ២០០នាក់ ដែលសម្រាលកូនរួច និងទទួលបានទឹកគោ សម្រាប់បំប៉នសុខភាពកូន


ក្នុងជំនួបសាកសួរសុខទុក្ខ និងចែកម្សៅទឹកដោះគោដល់ស្រ្តី ជាកម្មការិនីរោងចក្រស៊ីគ្លូ ដែលទើបសម្រាលកូនរួច នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឲ្យកម្មករ កម្មការិនីបញ្ឈប់ការចោលសម្រាមពាសវាលពាសកាល ដើម្បីជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ស្ត្រីជាសសរស្តមនៃគ្រួសារ ទាំងការរកលុយទាំងការមើលកូនៗក្នុងបន្ទុក គាប្បីយើងផ្តល់តម្លៃឲ្យស្ត្រីឲ្យបានប្រសើរ។ ត្រូវចាត់គាត់មេគ្រួសារដ៏សំខាន់ និងជាភាពកក់ក្តៅបំផុត សម្រាប់កូនដែលចាំបាច់ត្រូវការម្តាយ។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានណែនាំចំពោះស្រ្តី ក្នុងរោងចក្រត្រូវធ្វើគំរូ មិនត្រូវចោលសម្រាមពាសវាលពាសកាល ដើម្បីជួយលើកកម្ពស់មុខមាត់ និងសោភ័ណភាពខេត្តស៊ីវិល័យយើងផង។ ខេត្តរបស់យើង ត្រូវបានគេផ្តល់រហ័សនាមថា ជាខេត្តស៊ីវិល័យ ក្រោយពីខេត្តនេះ បានរងការរិះគន់អស់ជាច្រើនឆ្នាំ ជាខេត្តក្រីក្រគ្មានទ្រព្យធន។

ឯកឧត្តមថា តែដោយសក្តានុពលនៃខេត្ត និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឲ្យអ្នកវិនិយោគទុនបានដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ ហើយផ្តល់ឱកាសដល់កូនក្មួយប្រមាណជាង១៥ម៉ឺននាក់សម្រាបបច្ចុប្បន្ន។

ឯកឧត្តមបានឲ្យដឹងទៀតថា តាមរយៈឱកាសការងារនេះដែរ បានធ្វើឲ្យជីវភាពក្រុមគ្រួសាររបស់កូនក្មួយ មានភាពប្រសើរឡើងជាលំដាប់ មិនតែប៉ុណ្ណោះទៀតសោតដីធ្លីរបស់បងប្អូន កូនក្មួយក៏មានតំលៃផងដែរ។

ជាមួយនឹងការលើកឡើងនេះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានស្នើសុំដោយទទូចត្រូវរួមគ្នា បញ្ឈប់ការចោលសម្រាមពាសវាលពាសកាល ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មុខមាត់ និងបរិស្ថានខេត្ត ពិសេសប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលគេមកលេងរមណីយដ្ឋាន ដ៏សំបូរបែបក្នុងខេត្តយើង។ ហើយមួយទៀតខេត្តកំពង់ស្ពឺ ក៏ទើបនិងទទួលបានរំដួលពីរទងជាទីក្រុងស្អាតផងដែរ។

ឯកឧត្តមថា «បើម្នាក់ចោលសម្រាម ឬថង់មួយនៅទីសាធារណៈ ចុះកម្មករ-កម្មការិនី ជាង១៥ម៉ឺននាក់ សំរាមកើនឡើងកម្រឹតណាក្នុងមួយថ្ងៃៗ យើងកុំពឹងផ្អែកលើតែអ្នកបោស ឬប្រមូលសម្រាម យើងគួរនាំគ្នាចូលរួមគិតគូលើបញ្ហានេះទាំងអស់គ្នា ដើម្បីលើកកម្ពស់មុខមាត់ខេត្តយើង ព្រោះថា បញ្ហាសម្រាមមិនមែនជាកាតព្វកិច្ចនរណាម្នាក់នោះទេ និយាយរួមគឺផ្តើមចេញពីយើងទាំងអស់គ្នា»