ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កត្តាសុខសន្តិភាព បាននាំមកនូវការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា និងបន្តការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នបន្តទៀត។
ការថ្លែងបែបនេះរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា និងសំណេះសំណាល ចែកអំណោយជូនប្រជាពលរដ្ឋ នៅវត្តឥន្ទសាល (ហៅវត្តពោនពិសី) ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាំក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន យាយជី តាជី ប្រជាពលរដ្ឋចំណុះជើងវត្ត និងសិស្សានុសិស្សជិត៨០០នាក់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន និងថ្លែងអំណរគុណដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញជូនយើងទាំងអស់គ្នា បន្តបេសកម្មកសាងប្រទេសជាតិកាន់តែជឿនលឿនទៅមុខទៀត។
ឯកឧត្តម វង សូត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការការពារយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការីករាលដាល នៃជម្ងឺកូវីដ-១៩ និងបានអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ ដោយសារជម្ងឺនេះ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំផងដែរ សំដៅលើកកម្ពស់ជីវភាពរបស់ពលរដ្ឋឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។
ទន្ទឹមនឹងនេះដែរឯកឧត្តម វង សូត បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ពិសេសនៅតែបន្ត អនុវត្តនូវបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាន នូវសន្តិសុខសុវត្ថិភាពសង្គម ប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថានិកគោលនយោបាយ សន្តិភាព បានខិតខំប្រកបដោយលំបាកណាស់ ហើយក៏ផ្តាំផ្ញើអ្នកដែលពាក់ពន្ធសន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាការពារ ត្រូវខិតខំថែរក្សាសន្តិសុខក្នូងមូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធភាព (មានសន្តិភាព មានការអភិវឌ្ឍ)៕