ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់សិក្ខាកាមសាលានាយទាហានសកម្ម អំពីតម្លៃនៃសន្ដិភាព ដែលរកបានដោយលំបាក ហើយត្រូវបន្ដការពារ ដើម្បីអ្នកជំនាន់ក្រោយ


ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយគណៈគ្រប់គ្រង និងថ្លែងបាឋកថាជូនដល់យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិត នៃសាលាទាហានសកម្ម សរុបប្រមាណ៦០០នាក់ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការងារការពារជាតិ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនមែនតែជាការងាររបស់កងកម្លាំង ឬជនស៊ីវិល ដាច់ដោយឡែកពីគ្នាឡើយ។ ទន្ទឹមនឹងការលើកឡើងនេះដែរ លោកក៏បានធ្វើការចែករំលែកពីគុណតម្លៃ នៃសន្តិភាព ដែលស្វែករកបានដោយការលំបាក ដោយការលះបង់រាប់មិនអស់របស់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា សន្តិភាព គឺជាកត្តាចំបងដែលនាំមកនូវសេ្ថរភាពសង្គម នយោបាយ សេដ្ឋកិច្ច ព្រមទាំងជាមូលដ្ឋានដែលផ្តល់ឱកាសឲ្យប្រទេសយើង អាចផ្តោតអារម្មណ៍ទាំងស្រុង និងប្រើប្រាស់មធ្យោបាយរួម ដើម្បីការអភិឌ្ឍ ជាពិសេសតាមរយៈការបង្កជាបរិយាកាសសម្រាប់ទាក់ទាញការវិនិយោគ និងបង្កើនឱកាសការងារក្នុងមូលដ្ឋាន ដែលជាផ្នែកដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាជន។

ស្របជាមួយនឹងការបញ្ជាក់ខាងលើ លោកបានផ្តល់អនុសាសន៍ជូនដល់អង្គសិក្ខាកាម ឲ្យបន្តខិតខំប្រឹងប្រែងស្វែងយល់ឲ្យច្បាស់ពីប្រវត្តិសាស្ត្រដែលកម្ពុជាឆ្លងកាត់ សិក្សាពីភាពប្រទាក់ក្រឡា នៃប្រវត្តិសាស្ត្រនោះជាមួយនឹងអ្វីដែលមានក្នុងពេលបច្ចុប្បន្ន និងបន្តការពារសន្តិភាពដើម្បីរក្សា និងធានាអនាគតកម្ពុជាមួយដែលកាន់តែប្រសើរសម្រាប់កូនចៅជាអ្នកជំនាន់ក្រោយ៕