ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រួចគោលដៅអភិវឌ្ឍន៍លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ វិស័យទាំងនេះមានការវិវឌ្ឍន៍លឿនរហ័សគួរឱ្យកត់សម្គាល់។ ឯកឧត្តមទេសរដ្ឋមន្ត្រី រំពឹងថា ក្នុងរយៈពេល៥ឆ្នាំ ផលិតផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងកើតមានកាន់តែច្រើន ដែលក្នុងនោះកូនខ្មែរអាចនឹងមានសមត្ថភាពបង្កើតរ៉ូបូតមានសមត្ថភាពកាន់តែខ្ពស់ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាជាតិ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាព្រឹត្តិការណ៍លើកដំបូងហើយនៅកម្ពុជា ដែលប្រារព្ធធ្វើឡើង ដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាធាតុដ៏ចាំបាច់មួយសម្រាប់ការរស់នៅ និងអាជីវកម្មរបស់មនុស្សជាតិលើពិភពលោកនាពេលបច្ចុប្បន្ន។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាចំណែកដ៏សំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍន៍របស់ប្រទេសនីមួយៗផងដែរ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រួចទិសដៅអភិវឌ្ឍន៍លើវិស័យនេះ។ នៅឆ្នាំ២០២០ រាជរដ្ឋាភិបាល បានសម្រេចបន្ថែមវិសាលភាពការងារជូនក្រសួងឧស្សាហកម្ម ដោយបន្ថែមការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រួចមុំការងារជូនក្រសួងយកចិត្តទុកដាក់បន្ថែមទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាលើកដំបូងនៅមជ្ឈមណ្ឌលកោះពេជ្រ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញការកត់សម្គាល់របស់លោកថា រយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា បានការរីកចម្រើនគួរឱ្យសម្គាល់ទាំងផ្នែករដ្ឋ និងឯកជន។ ក្នុងនោះរដ្ឋ បានធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យាជាច្រើន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់លឿនរហ័ស និងកាត់បន្ថយភាពស្មុគស្មាញ។ រីឯវិស័យឯកជន ក៏បានធ្វើទំនើបកម្មអាជីវកម្មរបស់ខ្លួនដោយបញ្ចូលកាន់តែ ច្រើនជាមួយបច្ចេកវិទ្យា ដើម្បីឱ្យអាជីវកម្មកាន់តែរីកចម្រើន និងទទួលបានជោគជ័យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដើម្បីឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបានការវិវឌ្ឍន៍កាន់តែលឿនរហ័ស ក៏ទាមទារឱ្យមានរៀបចំតម្រង់ទិសលើការបណ្តុះបណ្តាលតាំងពីថ្នាក់មត្តេយ្យឡើងទៅ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កូនខ្មែរមានភាពវ័យឆ្លាត ការច្នៃប្រឌិតមិនចាញ់ជាតិសាសន៍ដទៃនោះឡើយ គ្រាន់តែមិនទាន់មានការដុសខាត ឬបណ្តុះបណ្តាលឱ្យជាប់ទិស។ លោកបានប្រដូចកូនខ្មែរទៅនឹងមាស ដែលមិនទាន់យកចេញពីក្នុងដី។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញក្តីរំពឹងថា បន្ទាប់ពីមានការសម្រួចគោលដៅអភិវឌ្ឍន៍លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ហើយនោះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ កូនខ្មែរអាចបង្កើតបាននូវសមិទ្ធផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែច្រើន។ ក្នុងនោះរួមមានទាំងការផលិតរ៉ូបូតផងដែរ។
សូមបញ្ជាក់ថា ជាមួយនឹងការប្រារព្ធទិវាជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាលើកដំបូងនេះ ក្រសួងក៏បានរៀបចំការតាំងបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនពាក់ព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅមជ្ឈមណ្ឌលកោះពេជ្រ។ ការតាំងបង្ហាញនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអំពាវនាវដល់សិស្ស និស្សិត ក៏ដូចជាអាណាព្យាបាល នាំបុត្រធីតា របស់ខ្លួនចូលរួមទស្សនាពិព័រណ៍នេះ ដើម្បីបានស្វែងយល់ និងបានឃើញពីការវិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បន្ថែមពីលើនោះ ការទស្សនាពិព័រណ៍នេះ ជាចំណែកជំរុញផ្នត់គំនិតកូនខ្មែរលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ៕