អភិបាលខេត្តកំពត ប្រើពេល២ថ្ងៃ ចុះដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការបានជិត ៧០ករណី នៅឃុំចំនួន៨ ក្នុងស្រុកឈូក


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រើរយៈពេល២ថ្ងៃ ចុះដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ បានប្រមាណ៧០ករណី ក្នុងឃុំចំនួន៨ នៅស្រុកឈូក កាលពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពត បានប្រាប់ក្រុមហ៊ុនដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវប្រគល់ដីជូនពលរដ្ឋវិញ ប្រសិនបើពលរដ្ឋមានឯកសារច្បាស់លាស់ ត្រឹមត្រូវ ដែលទទួលស្គាល់ដោយអាជ្ញាធរ ហើយប្រជាពលរដ្ឋ ដែលទៅយកដីរបស់ក្រុមហ៊ុន ដោយពុំមានឯកសារច្បាស់លាស់ ក៏ត្រូវតែប្រគល់ដីទៅឱ្យក្រុមហ៊ុនវិញផងដែរ។

នរណាជាម្ចាស់ដីពិតប្រាកដ គឺត្រូវបានទៅអ្នកនោះទៅតាមផ្លូវច្បាប់ ហើយហាមដាច់ខាតអ្នកដែលរៀបចំឯកសារដើម្បីយកដីគេ បំពានដីគេ សូមកុំឱ្យមាន ហើយអាជ្ញាធរត្រូវតាមដាន និងមានវិធានការ។ ហើយអ្នកណាជាម្ចាស់ពិតប្រាកដ គឺជាអ្នកដែលកាន់កាប់ក្រោយថ្ងៃកំណើតទី២ ហើយគ្រប់គ្រងបានមកដល់សព្វថ្ងៃនេះ។

ឯកឧត្តម ម៉ៅ ធនិន ក៏បានលើកបញ្ជាក់ទៀតថា ដីគឺជាជីវិត ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ជាប្រចាំ និងចែកបន្តទៅកូនចៅជំនាន់ក្រោយៗទៀត ដូច្នេះទាំងក្រុមហ៊ុន និងពលរដ្ឋ មិនត្រូវរំលោភបំពានយកដីគ្នាទៅវិញទៅមកនោះឡើយ។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅកាន់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវមានទំនួលខុសត្រូវ និងការពារប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន ដោយឆ្លើយតប និងដោះស្រាយជាមួយក្រុមហ៊ុន ឬបុគ្គលណាមួយ ដែលមករំលោភបំពានពលរដ្ឋរបស់ខ្លួន ដើម្បីផ្តល់នូវភាពយុត្តិធម៌ជូនពួកគាត់ ក្នុងករណីពួកគាត់ជាជនរងគ្រោះពិតប្រាកដ។ ហើយម្យ៉ាងវិញទៀតអាជ្ញាធរ ក៏ត្រូវពិនិត្យតាមដានវែកមុខជនខិលខូចមួយចំនួនតូច ដែលតែងតែក្លែងឯកសារ ដើម្បីធ្វើបាបប្រជាពលរដ្ឋ ឬក្រុមហ៊ុនដើម្បីមានវិធានការតាមផ្លូវច្បាប់ផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃនៃការចុះដល់មូលដ្ឋានក្នុងស្រុកឈូក ដើម្បីសម្រុះសម្រួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានឃុំចំនួន៨ មានឃុំតាកែន ឃុំត្រពាំងផ្លាំង ឃុំតេជោអភិវឌ្ឍន៍ ឃុំឈូក ឃុំសត្វពង ឃុំល្បើក ឃុំត្រពាំងបី និងឃុំបឹងនិមល ត្រូវបានលើកយកមកដោះស្រាយ ដែលមានសំណុំរឿងប្រមាណជិត ៧០ករណី មានប្រជាពលរដ្ឋចូលរួម ជិត១ម៉ឺននាក់ ហើយភាគច្រើននៃសំណុំរឿងដែលត្រូវសម្រុះសម្រួល និងដោះស្រាយ ជាសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លី រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ រួមទាំងការស្នើសុំផ្លូវ និងបណ្តាញអគ្គិសនីតាមភូមិផងដែរ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់លោកអភិបាលខេត្តកំពត ត្រូវបានប្រជាពលរដ្ឋសាទរ និងទទួលយកដោយក្តីសប្បាយរីករាយ ព្រមទាំងពេញចិត្តពីគ្រប់ភាគី៕