ឯកឧត្តមបណ្ឌិត ពេជ សោភ័ន៖ ការបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាព នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងជម្រើសសម្រាប់ការធ្វើទេសន្តរប្រវេសន៍


ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិ​បណ្តុះបណ្តាល​ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព បានថ្លែងបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាព នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងក្នុងចំណោមពលករទេសន្តរ​ប្រវេសន៍បច្ចុប្បន្ន ដែលមានសក្តានុពលឲ្យបានយល់យ៉ាងច្បាស់លាស់អំពីសិទ្ធិ កាតព្វកិច្ច និងជម្រើសសម្រាប់ការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងទៀងទាត់ ហើយយល់ដឹងអំពីហានិភ័យនៃការធ្វើទេសន្តរប្រវេសន៍មិនទៀងទាត់។

ឯកឧត្តមបណ្ឌិត បានអះអាងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏នឹងផ្តល់ឱ្យប្រជាពលរដ្ឋទាំងអស់នូវលទ្ធភាពទទួលបានព័ត៌មានច្បាស់លាស់អំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការធ្វើទេសន្តរប្រវេសន៍ ដើម្បីឲ្យពួកគេចាត់ទុកថាការធ្វើទេសន្តរប្រវេសន៍ជាជម្រើស មិនមែនជាកាតព្វកិច្ច និងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងបង្កើនផលវិជ្ជមានពីបទពិសោធន៍ ទេសន្តរប្រវេសន៍របស់ពួកគេផងដែរ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីដាក់ឲ្យដំណើរការជាផ្លូវការការដាក់បញ្ចូលការបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាពទៅក្នុងកម្មវិធីសិក្សា អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងមន្ត្រីពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ដាក់ឲ្យដំណើរការជាផ្លូវការនូវការអនុវត្តកម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាពនៅក្នុងកម្មវិធីសិក្សារបស់អ.ប.វ.និងបង្ហាញជូនដល់ភាគីពាក់ព័ន្ធនានាអំពីសារៈសំខាន់នៃការដាក់បញ្ចូល និងអនុវត្តកម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាពនេះ។ បង្ហាញសេចក្តីណែនាំសម្រាប់ការអនុវត្តកម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងការប្រើប្រាស់សេចក្តីណែនាំនេះ ទៅដល់អ្នកចូលរួម ជាពិសេសគ្រូបង្គោលមកពីគ្រឹះស្ថានអ.ប.វ.ទាំង៣៨។ ផ្តល់ជូនវគ្គបណ្តុះបណ្តាលឡើងវិញលើមេរៀនទេសន្តរប្រវេសន៍ដោយសុវត្ថិភាពដល់គ្រូបង្គោលនៃគ្រឹះស្ថានអ.ប.វ.។ ឱ្យសាធារណជនចាប់អារម្មណ៍ពីសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងអំពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានឱ្យដឹងទៀតថា ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងការផ្តល់ជូននូវលទ្ធភាពទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពទាំងក្នុង និងក្រៅប្រទេសសម្រាប់ប្រជាជនកម្ពុជា ជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើកឡើង ក៏ដូចជាសម្រាប់ការចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីដែលកំពុងលេចឡើងស្របនឹងនិន្នាការ តំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ក៏ដូចជាដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត បានអះអាងដែរថា ទេសន្តរប្រវេសន៍ការងារ គឺជាមាគ៌ាឆ្ពោះទៅរកការផ្តល់ភាពអង់អាច និងលើកកម្ពស់ភាពធន់ផ្នែកសេដ្ឋកិច្ចរបស់ពលករទេសន្តរប្រវេសន៍ជាង ១. ៣លាននាក់ នៅក្នុងប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង និងអារ៉ាប៊ីសាអូឌីត។ ពលករទេសន្តរប្រវេសន៍ គឺជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងសង្គមនៅប្រទេសកម្ពុជា តាមរយៈប្រាក់បញ្ញើ និងជំនាញដែលពួកគេទទួលបានពីការងារនៅប្រទេសទទួល។

ឯកឧត្តម ពេជ សោភ័ន បានអះអាងដែរថា នៅឆ្នាំ២០២១ ពលករទេសន្តរប្រវេសន៍កម្ពុជា បានផ្ញើប្រាក់បញ្ញើមកផ្ទះវិញជាង ៣ពាន់លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងខ្លាំងជាងប្រាក់បញ្ញើក្នុងឆ្នាំ២០២០ ដែលមានចំនួន ១,២ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤.៩១៦ភាគរយ នៃផលិតសរុបក្នុងស្រុក។ មានពលករទេសន្តរប្រវេសន៍តែមួយភាគតូចប៉ុណ្ណោះ បានទទួលបានព័ត៌មានស្តីពីទេសន្តប្រវេសន៍ដោយសុវត្ថិភាព និងការបណ្តុះបណ្តាលអភិវឌ្ឍន៍ ជំនាញក្នុងទម្រង់ណាមួយ ទាំងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញទន់ ពេញមួយវដ្តនៃដំណើរទេសន្តរប្រវេសន៍របស់ពួកគេ។

ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ពេជ សោភ័ន ក៏បានគូសបញ្ជាក់ដែរថា ការយល់ដឹងអំពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព នឹងជួយឲ្យអ្នកដែលមានបំណងចង់ធ្វើទេសន្តរប្រវេសន៍ធ្វើការ សម្រេចចិត្តដោយប្រុងប្រយ័ត្ន និងប្រកបដោយព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយផងដែរ៕