ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានរំឭកប្រជាជនខ្មែរអំពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារ


រៀងរាល់ឆ្នាំប្រជាជនខ្មែរដែលស្នាក់នៅប្រទេសកម្ពុជា និងធ្វើការនៅតំបន់ឆ្ងាយៗតែងតែវិលត្រឡប់មកស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ សាច់ញាតិ និងសមាជិកក្រុមគ្រួសារ ដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេលបីថ្ងៃ នៅក្នុងខែមេសា នៅតាមភូមិស្រុករៀងៗខ្លួន។ ប៉ុន្តែបើយើងនឹកគិតទៅដល់៤៨ឆ្នាំមុន នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលយោធាខ្មែរក្រហម វាយដណ្តើមបានប្រទេសកម្ពុជា និងបានឡើងគ្រប់គ្រងអំណាចទាំងស្រុង។

ភ្លាមៗនោះយោធាខ្មែរក្រហមបានបណ្តេញប្រជាជនចេញពីផ្ទះសម្បែង ហើយគ្រប់ក្រុមគ្រួសារប្រជាជនខ្មែរបានបែកបាក់សមាជិក។ ថ្ងែនេះដែរក៏ជាថ្ងៃនៃការចាប់ផ្តើមសោកនាដកម្ម អំពើប្រល័យពូជសាសន៍ និងការសម្លាប់ប្រជាជនខ្មែរយ៉ាងរង្គាលនៅទូទាំងប្រទេស។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ មានប្រជាជនខ្មែរស្លូតត្រង់ប្រមាណជាង២លាននាក់បានបាត់បង់ជីវិត និងបានបន្សល់នូវជនពិការ ក្មេងកំព្រា ស្រ្តីមេម៉ាយ ព្រមទាំងប្រជាជនដែលមានជំងឺផ្លូវចិត្តយ៉ាងធ្ងន់។ សព្វថ្ងៃមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង៥លាននាក់ ហើយអ្នកទាំងនេះកាន់តែមានវ័យចាស់ជរា ទ្រុឌទ្រោម និងកំពុងប្រឈមបញ្ហាសុខភាព ដែលគាត់គួរតែទទួលបាននូវការយកចិត្តទុកដាក់ និងសេវាថែទាំសុខភាព។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះ បានឆ្លងកាត់រឿងរ៉ាវរន្ធត់ និងបានឆ្លងកាត់ការលំបាកគ្រប់យ៉ាងក្នុងការចូលរួមកសាងជីវភាពគ្រួសារ សហគមន៍ និងស្តារប្រទេសជាតិដែលខេ្ទចខ្ទាំឡើងវិញ ដូច្នេះរឿងរ៉ាវរបស់គាត់ក៏មិនត្រូវបានបំភ្លេចចោល ហើយគួរត្រូវបានលើកមកនិយាយឲ្យបានទូលំទូលាយ ដើម្បីអប់រំដល់មនុស្សជំនាន់ក្រោយ និងទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមកើតឡើងម្តងទៀត។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មិនត្រឹមបានរំឭកប្រជាជនខ្មែរឡើងវិញពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែបានជំរុញឲ្យប្រជាជនខ្មែរកាន់តែមានភាពរឹងមាំទៅថ្ងៃអនាគត។