អភិបាលខេត្តត្បូងឃ្មុំ៖ តំបន់សេដ្ឋកិច្ចពិសេសមួយ នឹងលេចរូបរាងឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 លើផ្ទៃដីជាង ១,១០០ហិកតា


(ភ្នំពេញ)៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមផ្ទៃដីទុកប្រមាណ១,១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិ​កោះ​ថ្ម ឃុំទន្លូង ស្រុកមេមត់ ដើម្បីអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយ នៅជាប់ព្រំដែនកម្ពុជា-វៀតណាមផ្ទាល់តែម្ដង។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ដត្បូងឃ្មុំ» ឯកឧត្តម ជាម ច័ន្ទ សោភ័ណ បានគូសបញ្ជាក់ថា តំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 គឺជាទីតាំងដែលសម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកជាចំណុចផ្ដើម ដើម្បីចូលទៅប្រទេសវៀតណាម ស្វែងរកសុខសន្ដិភាពជូនប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ដ្រី លោកបានត្រៀមរៀបចំផ្ទៃដីប្រមាណ១,១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដើម្បីទាក់ទាញអ្នកវិនិយោគផ្សេងៗទៀត ទៅធ្វើការវិនិយោគនៅតំបន់កោះថ្មតែម្ដង។ នេះជាមោទនភាពសម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសប្រជាពលរដ្ឋរស់នៅតំបន់កោះថ្មនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនប្រសិនក្លាយជាតំបន់សេដ្ឋកិច្ចពិសេស»

ក្រៅពីផែនការបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសហើយនោះ ឯកឧត្តមអភិបាលខេត្តបានអះអាងទៀតថា បច្ចុប្បន្នតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 រដ្ឋបាលខេត្តកំពុងរៀបចំឲ្យប្រែក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អាចទៅទស្សនាបាននៅតំបន់ប្រវត្តិសាស្ដ្រមួយនេះ ដើម្បីអាចស្វែងយល់ពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន។

កោះថ្មជាទីតាំងប្រវត្តិសាស្រ្ត នៃដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត រួមមាន នុច ថន, ញឹក ហួន, សន សាញ់ និង វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រីចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។

បើតាមឯកឧត្តម ជាម ច័ន្ទសោភ័ណ, បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានសហគ្រាស គ្រឹះស្ថាន ចំនួន២៩២សហគ្រាស ប្រើប្រាស់កម្លាំងពលកម្ម១៧,០៦០នាក់។ ដោយឡែក សហគ្រាស គ្រឹះស្ថានកាត់ដេរ ២កន្លែង ប្រើប្រាស់កម្លាំង១,០៣៩នាក់ ក្នុងនោះមាននៅក្រុងសួង និងស្រុកអូររាំងឪ។ ក្រុមហ៊ុនចំការកៅស៊ូ ៥កន្លែង ប្រើប្រាស់កម្លាំងពលកម្ម ៨,៨៨៨នាក់, សិប្បករផលិតឥដ្ឋ ៤៣កន្លែង ប្រើប្រាស់កម្លាំងពលកម្ម៦២៩នាក់៕