សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនៅក្នុងវត្តស្វាយទាប ស្ថិតនៅ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តឺនឹករលឹក និង ការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
សម្តេចក៏បានមានប្រសាសន៍ថា «ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នា អាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ និងធ្វើឲ្យមានសុខុដុមនីយកម្មសាសនា បានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិ តាមរយៈ ការផ្សារភ្ជាប់រវាងអាណចក្រ និងពុទ្ធចក្រ ។ ជាពិសេស ត្រូវចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរព្រះគុណចំពោះ ព្រះធម្មជោត្តោ ម៉ៅ ង៉ែត ព្រះចៅអធិការវត្តស្វាយទាប អតីតគណៈកម្មការ និងព្រះចៅអធិការវត្តគ្រប់ជំនាន់ ព្រមទាំងសប្បុរសជនជាច្រើនទៀត រួមជាមួយ នឹងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងអង្គភាពជុំវិញខេត្តកំពង់ស្ពឺ ដែលបានរួមសាមគ្គីគ្នាដោយបានចលនាគៀងគរថវិកាមកកសាង ព្រះវិហារ បង្កាន់ដៃជុំវិញសាលាធម្មសភា សាលាទទួលភ្ញៀវ កុដ្ឋ ខ្លោងទ្វារ ជីកស្រះទឹក និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានា ដែលបានសម្រេចបានជាស្ថាពរ ដែលបានរៀបចំពិធីបុណ្យឆ្លងនិងវេរប្រគេនព្រះសង្ឃតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងថ្ងៃនេះ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សា នូវសមិទ្ធិផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យ បានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រត្តិបត្តិ ផ្នែកសាសនា ជាពិសេស អនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានទាំងអស់គ្នា ៕




















