រាជរដ្ឋាភិបាល អនុម័ត «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ»


រាជរដ្ឋាភិបាល បានយល់ព្រមអនុម័តទាំងស្រុងហើយលើ «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។ ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងកែសម្រួលពាក្យពេចន៍មួយចំនួនទៅលើសេចក្តីព្រាងនេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំ​ពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា «សេចក្តីព្រាងក្រមបរិស្ថាន និងធនធាន​ធម្ម​ជាតិ» គឺជាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងក្រសួងបរិស្ថាន និង​ក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន ដែលបានចំណាយពេលជិត៨ឆ្នាំ រាប់ចាប់តាំង​ពី​ឆ្នាំ២០១៥។

លោក ផៃ ស៊ីផាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានប្រជុំជាច្រើនលើកច្រើ​ន​សារ​ជាមួយ​បណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំមតិ យោបល់ និងធាតុ​ចូ​ល ពិសេសជាមួយក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌។

«សេចក្តីព្រាង​ក្រម​បរិស្ថាន និងធនធានធម្មជាតិ» គឺជាសមិទ្ធផលរួម ដែលកើត ចេញពី​ការបេ្តជ្ញា​ចិត្ត និងឆន្ទៈនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងក្រុម​ការងារអន្តរក្រសួងទាំងអស់ឈរលើស្មារតីសហការជិតស្និទ្ធ​ប្រកប​ដោយមនសិការ ការលះបង់ សាមគី្គភាព និងឯកភាពជាតិ និងការ​ទទួល​ខុសត្រូវខ្ពស់ ដោយ​តម្កល់អាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ឧត្តម​ប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជាជាធំ ធ្វើយ៉ាងណារៀបចំឱ្យមាន​លិខិត​បករណ៍មួយ ដែល​មានលក្ខណៈប្រមូលផ្ដុំគ្រប់ជ្រុងជ្រោយ បច្ចុប្បន្នភាព សង្គត្តិភាព និងស៊ី​សង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ដែលពាក់ព័ន្ធ។

«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្ម ឱ្យមានភាពជាក់ស្តែងនិយមសង្គត្តិភាព វិសាលភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារនិងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គម។

«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» បំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ។ល។ ក្នុងគោលដៅបន្តជំរុញដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ និងការពង្រឹងនីតិរដ្ឋ ទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាចីរភាព តាមការចង្អុលបង្ហាញផ្លូវប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

«សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់៣ គឺ៖ (១) លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវកម្ពុជាថ្មី។ បានធ្វើសមាហរណកម្ម, (២) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និង (៣) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» អាចដើរតួជាគោលការណ៍គ្រឹះ និងជាក្របខ័ណ្ឌរួមសម្រាប់ចូលរួមរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតុល្យភាព ចំពោះបញ្ហាបញ្ហាស្មុគស្មាញជាច្រើន ដែលបាននិងកំពុងបន្តកើតមានឡើងក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយសារអន្តរកម្មជិតស្និទ្ធជាមួយវិស័យផ្សេងៗជាច្រើន។ ជាពិសេស សេចក្តីព្រាងក្រមនេះ នឹងរួមចំណែក៖ (១). ធ្វើឱ្យប្រសើរឡើងនូវ
ភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តន៍យ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន, (២) ដោះស្រាយបញ្ហាដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ និង(៣) លើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។

សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំ​ឡើងដោយ​ប្រមូល​ផ្ដុំ និងបែងចែកជា ១២គន្ថី និង ៨៨៨មាត្រា ដូចតទៅ៖
* គន្ថីទី១ បទប្បញ្ញត្តិទូទៅ
* គន្ថីទី២ ការគ្រប់គ្រងបរិស្ថាននិងយន្តការប្រកបដោយនិរន្តភាព
* គន្ថីទី៣ កិច្ចគាំពារបរិស្ថាន
* គន្ថីទី៤ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការគ្រប់គ្រងធនធានធម្មជាតិ តំបន់ឆ្នេរ តំបន់កោះ និងសមុទ្រ
* គន្ថីទី៥ ការវាយតម្លៃបរិស្ថាន
* គន្ថីទី៦ ការទទួលខុសត្រូវលើការខូចខាតបរិស្ថាន
* គន្ថីទី៧ ការអប់រំ ការស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងការយល់ដឹងអំពីបរិស្ថាន
* គន្ថីទី៨ វិធានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រាក់កម្រៃ និងមូលនិធិផ្នែកបរិស្ថាន
* គន្ថីទី៩ ការដោះស្រាយវិវាទបរិស្ថាន និងធនធានធម្មជាតិ
* គន្ថីទី១០ ទោសប្បញ្ញតិ្ត
* គន្ថីទី១១ អន្តរប្បញ្ញត្តិ
* គន្ថីទី១២ អវសានប្បញ្ញត្តិ៕