ឯកឧត្តមអភិបាលខេត្តកំពង់ធំ បញ្ចុះខណ្ឌសីមានិងកាត់ខ្សែបូរព្រះវិហារ តម្លៃជិត៣០ម៉ឺនដុល្លារ នៅស្រុកកំពង់ស្វាយ


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី មេគណខេត្ត រួមទាំងក្រុមការងារបានចូលរួមពិធីបញ្ចុះខណ្ឌសីមាវត្តព្រះពុទ្ធជិនរាជ នៅភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម ងួន រតនៈ បានលើកឡើងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្ដល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តគឺជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល  តែគួរឲ្យសោកស្តាយបំផុតកាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹងត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទី។

ឯកឧត្តមបន្តថា មកដល់បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង ជាក់ស្ដែងវត្តទូទាំងខេត្តមានចំនួន២៩១វត្ត (ធម្មយុត្ត៤វត្ត) និងអាស្រមមាន២៤កន្លែងផងដែរ និងមានព្រះសង្ឃទូទាំងខេត្តចំនួន៣,២៥៤អង្គ។

ឯកឧត្តមបន្តទៀតថា ប្រជាពលរដ្ឋទាំងអស់គ្នាមានឱកាសរៀបចំពិធីដ៏អធិកអធមនៅពេលនេះ ក៏ដោយសារកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយពាក្យថា «អរគុណ សន្តិភាព» បានលាន់រន្ទឺពាសពេញផ្ទៃប្រទេសនេះគឺដោយសារប្រជាពលរដ្ឋកម្ពុជាយល់អំពីតម្លៃនៃសន្តិភាពដែលរកបានដោយលំបាកបំផុតនេះ ហេតុនេះពលរដ្ឋទាំងអស់គ្នាប្តេជ្ញាចិត្តរក្សាសន្តិភាពឲ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម ងួន រតនៈ ក៏បានផ្តាំផ្ញើ និងសំណូមពរដល់អាជ្ញាធរដែនដីត្រូវផ្តល់កិច្ចសហការជាមួយប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើកបរ សូមប្រកាន់នូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»

គួរបញ្ជាក់ថា ព្រះវិហារចាប់ផ្តើមកសាងឡើងនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១១ ដែលមានបណ្ដោយ១៨.៤ម៉ែត្រ x ១៤.៤ម៉ែត្រ ធ្វើអំពីមេតុងប្រក់ក្បឿងរចនាបថខ្មែរ អស់ទឹកចំនួន២៥៧,០០០ដុល្លារ៕